ភ្នំពេញ៖ រយៈពេល៨ខែ ឆ្នាំ២០២៥នេះ កម្ពុជាសម្រេចការនាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិក្នុងទឹកប្រាក់ជាង ២០ពាន់លានដុល្លារ កើនឡើងជិត ១៥% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ នេះបើតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
បើតាមរបាយការណ៍ រយៈពេល៨ខែឆ្នាំ២០២៥ ពោលគិតចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិ សម្រេចបានក្នុងទឹកប្រាក់ប្រមាណជាង ៤២.១៥ ពាន់លានដុល្លារកើនឡើង១៥.៥% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។
របាយការណ៍បញ្ជាក់ថា ក្នុងរយៈពេល៨ខែនេះ សហរដ្ឋអាម៉េរិក គឺជាទីផ្សារចម្បងដែលកម្ពុជានាំចេញទំនិញច្រើនជាងគេ គឺរហូតដល់ ៨.៣ពាន់លានដុល្លារ កើនឡើង២៣.២%។ បន្ទាប់មកគឺ វៀតណាម មានតម្លៃ ២.៧ពាន់លានដុល្លារ កើនឡើង១១.៥%, ចិន ជាង ១ពាន់លានដុល្លារ, ជប៉ុន ជាងពាន់លានដុល្លារ, អេស្ប៉ាញ ជាង៧៧០លានដុល្លារ, និងបណ្តាប្រទេសសំខាន់ៗមួយចំនួនទៀត ដូចអង់គ្លេស ថៃ បារាំង បែលហ្ស៊ិក អ៊ីតាលី កូរ៉េខាងត្បូង ម៉ិកស៊ិក អូស្ត្រាលី ហុងកុង តៃវ៉ាន់ ជាដើម។
មុខទំនិញសំខាន់ៗដែលកម្ពុជា នាំចេញភាគច្រើនមានដូចជា៖ សម្លៀកបំពាក់,វត្ថុធ្វើអំពីស្បែក, បរិក្ខារធ្វើពីរោមសត្វ, គ្រឿងប្រដាប់សម្រាប់ការធ្វើដំណើរ កាបូបដៃ និងវត្ថុសម្រាប់វេចខ្ចប់ប្រហាក់ប្រហែល, ស្បែកជើង, ធញ្ញជាតិ, កៅស៊ូ ,គ្រឿងសង្ហារឹម, ម៉ាស៊ីន និងឧបករណ៍អគ្គិសនី និងបំណែកភាគរបស់ឧបករណ៍អគ្គិសនី និងផ្លែឈើ៕