681 ezgif.com resize
Swift cc time

ការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៦ត្រូវបានឯកភាពប្រជុំចុងក្រោយនៅថ្ងៃទី១៧កញ្ញា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ កិច្ចពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមា របស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៦ ត្រូវបានឯកភាពរៀបចំប្រជុំជាបន្តបន្ទាប់នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ខាងមុខនេះ ដើម្បីបំពេញនីតិវិធីផ្លូវការចុងក្រោយ ដែលមានចែងក្នុងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ខណៈលទ្ធផលនៃកិច្ចប្រជុំនៅថ្ងៃទី១០កញ្ញានេះ តំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជក បានឯកភាពរួមគ្នាលើកនូវសំណូមពរចំនួន ៣ចំណុច ជូនសម្តេច ហ៊ុន ដើម្បីពិនិត្យ និងអន្តរាគមន៍។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គិតត្រឹមថ្ងៃនេះ កិច្ចប្រជុំពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមា សរុបមានចំនួន ២១លើក រួមមាន កិច្ចប្រជុំត្រីភាគីចំនួន ៣លើក, កិច្ចប្រជុំទ្វេភាគីរវាងតំណាងភាគីកម្មករនិយោជិតនិងភាគីនិយោជក ចំនួន ៣លើក, កិច្ចប្រជុំទ្វេភាគីរវាងតំណាងភាគីរាជរដ្ឋាភិបាលនិងភាគីកម្មករនិយោជិត ចំនួន ១លើក, កិច្ចប្រជុំទ្វេភាគីរវាងតំណាងភាគីរាជរដ្ឋាភិបាលនិងភាគីនិយោជក ចំនួន ២លើក, កិច្ចប្រជុំផ្ទៃក្នុងរបស់តំណាងភាគីកម្មករនិយោជិត ចំនួន ៧លើក និងកិច្ចប្រជុំផ្ទៃក្នុងរបស់តំណាងភាគីនិយោជក ចំនួន ៥លើក។

ភាគីពាក់ព័ន្ធ បានឯកភាពកំណត់កិច្ចប្រជុំថ្ងៃនេះ គឺជាកិច្ចប្រជុំបញ្ជាក់ជំហរចុងក្រោយរបស់ខ្លួន។ ជាលទ្ធផលបញ្ជាក់ថា ដោយយោងលើស្ថានភាពនៃផលប៉ះពាល់ ដែលអាចកើតមានឡើងដោយសារការកំណត់ពន្ធគយបដិការរបស់សហរដ្ឋអាម៉េរិក និងស្ថានភាពជាក់ស្ដែងនៃទីផ្សារការងារ តំណាងភាគីកម្មករនិយោជិត និងភាគីនិយោជក បានឯកភាពគ្នាជាឯកច្ឆ័ន្ទមិនលើកនូវសំណើតួលេខណាមួយនោះទេ ដោយទុកជូនភាគីរាជរដ្ឋាភិបាល ដើម្បីសម្រេចលើតួលេខណាមួយដោយផ្អែកលើភាពប្រកួតប្រជែង និងលក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ចជាក់ស្ដែងរបស់កម្ពុជា។

ជាមួយគ្នានេះ តំណាងភាគីកម្មករនិយោជិត និងភាគីនិយោជក បានឯកភាពរួមគ្នាលើកនូវសំណូមពរចំនួន ៣ចំណុច ជូនសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ដើម្បីពិនិត្យ និងអន្តរាគមន៍៕

Khcct banner

អត្ថបទទាក់ទង