681 ezgif.com resize
Swift cc time

ធនាគារ កាណាឌីយ៉ា បានពង្រីកបណ្តាញសាខាបន្ថែម និងការទូទាត់នៅអាកាសយានដ្ឋានអន្តរជាតិតេជោ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ពិធីកាត់ខ្សែបូ សម្ពោធសាខា ក្រោមអធិបតីភាព លោកអ្នកឧកញ៉ា បណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ កាណាឌីយ៉ា (កណ្តាល) រួមជាមួយនឹងលោក Raymond Sia នាយកប្រតិបត្តិ (ឆ្វេង) និងលោកស្រី សុង ខេងឡាយ នាយិកាប្រតិបត្តិប្រតិបត្តិការ (ស្តាំ)។

រាជធានីភ្នំពេញ – ធនាគារ កាណាឌីយ៉ា ដែលជាធនាគារពាណិជ្ជឈានមុខគេមួយនៅប្រទេសកម្ពុជា ជាមួយការបទពិសោធន៍នៃការសេវាកម្មធនាគារដ៏ល្អឥតខ្ចោះជាង 30 ឆ្នាំ បានបើកដំណើរការសាខាទី 69 និងបញ្ជរប្តូរប្រាក់ជាច្រើននៅអាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) នៅថ្ងៃទី 09 ខែកញ្ញា ឆ្នាំ 2025។ ជាមួយគ្នានេះដែរ ធនាគារ កាណាឌីយ៉ា គឺជាដៃគូទូទាត់ផ្តាច់មុខសម្រាប់ពាណិជ្ជក និងហាងទំនិញទូទាំងព្រលានយន្តហោះ ដែលជាសក្ខីភាពនៃការពង្រឹងភាពជាអ្នកដឹកនាំក្នុងការទូទាត់ឌីជីថល និងនវានុវត្តន៍ហិរញ្ញវត្ថុ។

បើកដំណើរការជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង 7:00 ព្រឹក ដល់ម៉ោង 12:00 កណ្តាលអធ្រាត្រ សាខាថ្មីនេះ បានគូសបញ្ជាក់អំពីបេសកកម្មរបស់ធនាគារ កាណាឌីយ៉ា ក្នុងការផ្តល់នូវសេវាកម្មធនាគារដ៏សម្បូរបែប និងងាយស្រួល ជាមួយដំណោះស្រាយហិរញ្ញវត្ថុដ៏រលូន សម្រាប់អាជីវកម្ម ព្រមទាំងអ្នកដំណើរក្នុងស្រុក និងក្រៅស្រុក។

សេវាកម្មធនាគារពេញលេញនៅព្រលានយន្តហោះដ៏ធំជាងគេនៅប្រទេសកម្ពុជា

អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាមជ្ឈមណ្ឌលអាកាសចរណ៍ថ្មី និងធំជាងគេបំផុតរបស់កម្ពុជា មានផ្ទៃដី 2,600 ហិកតា និងអាចផ្ទុកអ្នកដំណើរបាន 13 លាននាក់ក្នុងមួយឆ្នាំ។ ស្ថិតនៅចម្ងាយ 20 គីឡូម៉ែត្រភាគនិរតីនៃរាជធានីភ្នំពេញ អាកាសយានដ្ឋានដែលមានចំណាត់ថ្នាក់ 4F នេះបាននាំមកនូវយុគសម័យថ្មីនៃការពង្រឹងទំនាក់ទំនង ហេដ្ឋារចនាសម្ព័ន្ធទំនើប និងអាកាសចរណ៍ប្រកបដោយនិរន្តរភាពសម្រាប់ប្រទេសកម្ពុជា។

សាខាថ្មីរបស់ធនាគារ កាណាឌីយ៉ា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ មានទីតាំងចំនួនបីកន្លែង ដែលត្រូវបានរចនាឡើងជាមួយនឹងសេវាកម្មពេញលេញ និងភាពងាយស្រួលនៃធនាគារបែបឌីជីថល។ នៅស្ថានីយមកដល់ (Arrival Hall) សាខាផ្តល់សេវាធនាគារដ៏ទូលំទូលាយជាមួយបុគ្គលិកដែលនិយាយបានច្រើនភាសា និងម៉ាស៊ីនស្វ័យសេវាធនាគារ 24/7 ដ៏ទំនើប រួមទាំងម៉ាស៊ីន ATM ម៉ាស៊ីនដាក់-ដកប្រាក់ (CRMs) និងម៉ាស៊ីនបោះពុម្ពកាត (SEM)។ គ្រឿងបរិក្ខារទាំងនេះអនុញ្ញាតឱ្យអតិថិជនធ្វើប្រតិបិត្តិការដក-ដាក់ប្រាក់បានភ្លាមៗ និងស្នើសុំប័ណ្ណឥណពន្ធនៅនឹងកន្លែងតែម្តង។

នៅ ស្ថានីយចេញដំណើរ (Departure Hall) ធនាគារបានដាក់ឲ្យដំណើរការបញ្ជរប្តូរប្រាក់ចំនួនពីរកន្លែងដែលផ្តល់សេវាកម្មសំខាន់ៗជាច្រើន រួមមានការប្តូររូបិយប័ណ្ណបរទេស ការសងកម្រៃសេវាអ្នកដំណើរ ការទូទាត់សម្រាប់ឥវ៉ាន់លើសគីឡូកំណត់ ការផ្លាស់ប្តូរកៅអី ការកក់ជើងហោះហើរនៅអាកាសយានដ្ឋានផ្ទាល់ ឬប្តូរទិសដៅហោះហើរ និងការចូលប្រើម៉ាស៊ីនអេធីអឹមយ៉ាងងាយស្រួលសម្រាប់ការដកប្រាក់ និងការដាក់ប្រាក់រហ័ស។ សេវាកម្មធនាគារដែលផ្តល់ជូនទាំងនេះ ធានាថាអ្នកដំណើរអាចគ្រប់គ្រងតម្រូវការហិរញ្ញវត្ថុរបស់ពួកគេបានយ៉ាងរលូន កំឡុងពេលនៃការធ្វើដំណើរ។

ដៃគូទូទាត់ប្រាក់ផ្តាច់មុខ

តាមរយៈភាពជាដៃគូរបស់ខ្លួន ជាមួយអាកាសយានដ្ឋានអន្តរជាតិតេជោ ធនាគារ កាណាឌីយ៉ា ជាទទួលយកការទូទាត់ប្រាក់ផ្តាច់មុខជាមួយពាណិជ្ជករនៅទូទាំងអាកាសយានដ្ឋាន រួមទាំងហាងលក់រាយ ហាងអាហារ និងភេសជ្ជៈ ចំណតយានជំនះ និងហាងទំនិញផ្សេងៗច្រើនទៀត។ អតិថិជនអាចទូទាត់បានយ៉ាងងាយស្រួលដោយប្រើ KHQR ដែលជាដំណោះស្រាយទូទាត់តាម QR កូដស្តង់ដាររបស់ធនាគារ និងម៉ាស៊ីន POS ដែលទទួលយកការទូទាត់តាមប័ណ្ណជាច្រើនប្រភេទទាំងក្នុងស្រុក និងអន្តរជាតិ។ ធនាគារ ក៏ជាដៃគូទូទាត់ផ្តាច់មុខសម្រាប់សេវាកក់សម្រាប់ជិះតាក់ស៊ី និងរ៉ឺម៉ក នៅអាកាសយានអន្តរជាតិតេជោផងដែរ ដែលធានាថាអ្នកដំណើររីករាយនឹងការទូទាត់ប្រតិបត្តិការប្រកបដោយសុវត្ថិភាព និងតាមបែបឌីជីថលសម្រាប់តម្រូវការធ្វើដំណើររបស់ពួកគេ។

គំនិតផ្តួចផ្តើមទាំងនេះបង្ហាញពីតួនាទីរបស់ធនាគារ កាណាឌីយ៉ា ក្នុងការជំរុញ និងគាំទ្រការផ្លាស់ប្តូរវិធីសាស្ត្រទូទាត់តាមឌីជីថលក្នុងប្រទេសកម្ពុជា ខណៈពេលដែលបង្កើនបទពិសោធន៍នៃការធ្វើដំណើររបស់អិតិថជនឲ្យកាន់តែប្រសើរជាមួយនឹងភាពងាយស្រួល និងទំនើបជាមួយការទូទាត់ប្រាក់ដោយគ្មានសាច់ប្រាក់។

លោក Raymond Sia នាយកគ្រប់គ្រងនៃកាណាឌីយ៉ា អុិនវេសមេន ហូលឌីង ក.អ (Canadia Investment Holding Plc) ក៏មានតួនាទីជានាយកប្រតិបត្តិ និងជាប្រធានក្រុមប្រឹក្សាប្រតិបត្តិនៃធនាគារ កាណាឌីយ៉ា មានប្រសាសន៍ថា៖ «អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជានិមិត្តរូបដ៏សំខាន់មួយសម្រាប់ប្រទេសកម្ពុជា និងជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់ការតភ្ជាប់បណ្តាញទំនាក់ទំនងជាមួយពិភពលោក ហើយធនាគារ កាណាឌីយ៉ា មានមោទនភាពដែលជាផ្នែកមួយនៃសមិទ្ធិផលនេះ តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុ និងដំណោះស្រាយដ៏ងាយស្រួលដល់អាជីវកម្ម អាជីវករ និងអ្នកធ្វើដំណើរ។ ការពង្រីកសាខា និងវត្តមានរបស់យើងនៅទីនេះ ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ជាង 3 ទសវត្សរ៍ ចំពោះនវានុវត្តន៍សេវាកម្មធនាគារដែលផ្តោតលើអតិថិជន និងជាធនាគារដែលមានទំនុកចិត្តខ្ពស់ ខណៈពេលដែលគាំទ្រដល់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ជាមជ្ឈមណ្ឌលនៃកំណើន និងវឌ្ឍនភាពក្នុងតំបន់។

ការពង្រីកខ្លួន និងវត្តមានរបស់យើងនៅទីនេះឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ជាង 3 ទសវត្សរ៍ ចំពោះការច្នៃប្រឌិតដែលផ្តោតលើអតិថិជន និងធនាគារដែលអាចទុកចិត្តបាន ខណៈពេលដែលគាំទ្រដល់ការរីកចម្រើនរបស់ប្រទេសកម្ពុជាជាមជ្ឈមណ្ឌលនៃការអភិវឌ្ឍ និងវឌ្ឍនភាពក្នុងតំបន់អាស៊ាន។»

លោកស្រី សុង ខេងឡាយ នាយិកាប្រតិបត្តិប្រតិបត្តិការនៃធនាគារ កាណាឌីយ៉ា មានប្រសាសន៍បន្ថែមទៀតថា៖ «វត្តមានរបស់យើងខ្ញុំនៅអាកាសយានដ្ឋានអន្តរជាតិតេជោ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់ជូនអ្នកធ្វើដំណើរ និងអាជីវកម្មជាមួយនឹងសេវាកម្មហិរញ្ញវត្ថុដែលងាយស្រួល សុវត្ថិភាព និងជំរុញដោយឌីជីថល។ តាមរយៈការរួមបញ្ចូលសេវាធនាគារពេញលេញជាមួយនឹងនវានុវត្តន៍ឌីជីថល យើងខ្ញុំមានគោលបំណងផ្តល់នូវបទពិសោធន៍ធនាគារកាន់តែរហ័ស និងរលូនបន្ថែមទៀត ដែលលើកកម្ពស់ទៅដល់ការធ្វើដំណើររបស់អតិថិជនឲ្យកាន់តែប្រសើរមួយកម្រិតទៀត។ យើងខ្ញុំសូមអញ្ជើញ អតិថិជនទាំងអស់គ្នាមកកាន់សាខាថ្មីនេះ និងពិភាក្សាជាមួយមន្រ្តីផ្នែកទំនាក់ទំនងដែលមានបទពិសោធន៍របស់យើងខ្ញុំ ដើម្បីបំពេញនូវតម្រូវការធនាគារណាមួយរបស់លោកអ្នក។»


Khcct banner

អត្ថបទទាក់ទង