681 ezgif.com resize
Swift cc time

កាកបាទក្រហមអន្តរជាតិ៖កងទ័ពកម្ពុជា១៨នាក់ដែលថៃចាប់ គឺមានសុវត្តិភាព និងសុខភាពល្អ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ នាថ្ងៃទី៩ កញ្ញា ម្សិលមិញ បានបញ្ជាក់ថា ទាហានកម្ពុជាទាំង១៨នាក់ ដែលថៃចាប់ខ្លួនកាលពីថ្ងៃទី២៩ កក្កដា គឺមានសុវត្ថិភាព និងមានសុខភាពល្អទាំងអស់គ្នា។ នេះបើតាមគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ តាមរយៈការចុះសួរសុខទុក្ខជាលើកទី២ នាយទាហានទាំង១៨រូប។

លោក Jurg Montani ប្រធានគណៈប្រតិភូថ្នាក់តំបន់ នៃគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ បានបញ្ជាក់អំពីការចុះសួរសុខទុក្ខជាលើកទី២នាយទាហានទាំង ១៨រូប នៃកងយោធពលខេមរភូមិន្ទ ដែលត្រូវបានភាគីថៃចាប់ខ្លួនកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ គឺក្រោយបទឈប់បាញ់ចូលជាធរមាន។ ចំពោះការចុះសួរសុខទុក្ខលើកទី២ពីសំណាក់ICRCនោះ បានទទួលព័ត៌មានថា ទាហានកម្ពុជា ទាំង ១៨រូប នៃកងយោធពលខេមរភូមិន្ទ ដែលកំពុងស្ថិតក្រោមការឃុំគ្រងរបស់ភាគីថៃនោះ គឺមានសុវត្ថិភាព និងមានសុខភាពល្អទាំងអស់គ្នា។

គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ បានប្រគល់សារដំណឹងគ្រួសារ ដែលកាកបាទក្រហមកម្ពុជាទទួលបានពីភរិយា បងប្អូន និងកូនៗរបស់ពួកគាត់ទាំង១៨នាក់ ហើយពួកគាត់ទាំង១៨នាក់ក៏បានសរសេរសារតបត្រឡប់មកវិញ ដោយស្របតាមអនុសញ្ញាទីក្រុងហ្សឺណែវ។ លោក Jurg Montani មានប្រសាសន៍សង្កត់ធ្ងន់ថា សារដំណឹងគ្រួសារនេះ មិនមាននរណាម្នាក់ដឹងពីខ្លឹមសារនៅក្នុងលិខិតក្រៅពីសាមីខ្លួន និងក្រុមគ្រួសារតែប៉ុណ្ណោះ សូម្បីតែមន្ត្រីបុគ្គលិករបស់កាកបាទក្រហមកម្ពុជា ក៏មិនអាចដឹងបានដែរ ព្រោះនេះជាការសម្ងាត់។ ដោយឡែករូបភាពវីរយុទ្ធជន មិនអាចបញ្ចេញរូបភាពបានទេ គឺស្របទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃនេះ គឺមានរយៈពេល ៤៣ ថ្ងៃហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨រូប ត្រូវបានចាប់ខ្លួន និង ដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។កម្ពុជាអំពាវនាវឱ្យភាគីថៃ ដោះលែងពួកគាត់ត្រឡប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសាររបស់ពួកគាត់ និងប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។ រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងកម្លាំងរបស់យើងណាម្នាក់ចោលនោះឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ៕

Khcct banner

អត្ថបទទាក់ទង