កាតា៖ សម្លេងផ្ទុះបានលឺឡើងព្រមៗគ្នានៅទីក្រុងកាតាកាលពីល្ងាចថ្ងៃទី ៩ ខែកញ្ញានៅពេលដែលប្រមុខមេដឹកនាំក្រុមហាម៉ាស់ជាច្រើនរូបកំពុងតែអង្គុយតុប្រជុំចរចាគ្នាតើគួរទទួលយកបទឈប់បាញ់ដែលស្នើរឡើងដោយសហរដ្ឋអាម៉េរិក រឺយ៉ាងណា។ កិច្ចប្រជុំកំពុងតែដំណើរការស្រាប់តែគ្រាប់បែកជាច្រើនគ្រាប់បាញ់ដោយយោធាអ៊ីស្រាអែលបានសំដៅចំទីស្នាក់ការកណ្តាលនៃកិច្ចប្រជុំរបស់ក្រុមហាម៉ាស់ដែលបង្ខំឲ្យមេក្រុមហាម៉ាស់ជាច្រើនរត់ចែកជើងគ្នាចេញពីតុប្រជុំភ្លាមៗ។
យោងតាមទីភ្នាក់ងារ AP បានគូសបញ្ជាក់ថាអ៊ីស្រាអែលបានវាយលុកទីស្នាក់ការកណ្តាលនៃក្រុមអ្នកដឹកនាំនយោបាយរបស់ក្រុមហាម៉ាសកំពូលៗជាច្រើនក្នុងប្រទេសកាតាកាលពីថ្ងៃអង្គារ ខណៈដែលឥស្សរជនកំពូលរបស់ក្រុមនេះបានប្រមូលផ្តុំគ្នាដើម្បីពិចារណាលើសំណើរបស់សហរដ្ឋអាម៉េរិកសម្រាប់បទឈប់បាញ់នៅតំបន់ហ្គាហ្សាស្ទ្រីប។ ការវាយប្រហារលើទឹកដីនៃសម្ព័ន្ធមិត្តអាម៉េរិកបានបង្ហាញពីការកើនឡើងដ៏គួរឱ្យភ្ញាក់ផ្អើល និងប្រថុយប្រថានរបស់អ៊ីស្រាអែលរំខានដល់ការចរចារដែលមានគោលបំណងកាត់បន្ថយសង្រ្គាម និងដោះលែងចំណាប់ខ្មាំង។
ប្រទេសការតាកាបានសម្តែងការខឹងសម្បារ និងថ្កោលទោសអ៊ីស្រាអែលដែលបើកការវាយប្រហារចំពេលដែលមេក្រុមហាម៉ាស់កំពុងប្រជុំសម្រេចនៃការទទួលយកបទឈប់បាញ់ កាតាបានចាត់ទុកការវាយប្រហាររបស់អ៊ីស្រាអែលើប្រទេសខ្លួនជា "ការរំលោភលើច្បាប់ និងបទដ្ឋានអន្តរជាតិទាំងអស់" ក្នុងនោះសម្ព័ន្ធមិត្តសំខាន់ៗផ្សេងទៀតរបស់អាម៉េរិកនៅឈូងសមុទ្រ អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម បានសន្យាថានឹងគាំទ្រដល់ប្រទេសកាតា។
ជាការឆ្លើយតបក្រុមហាម៉ាស់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មេដឹកនាំកំពូលរបស់ខ្លួនបានរួចរស់ជីវិតពីការវាយប្រហារ ប៉ុន្តែសមាជិកថ្នាក់ទាបចំនួន ៥ នាក់ត្រូវបានសម្លាប់ រួមទាំងកូនប្រុសរបស់លោក Khalil al-Hayya ដែលជាមេដឹកនាំក្រុមហាម៉ាសប្រចាំតំបន់ហ្គាហ្សា និង អង្គរក្សបីនាក់ និងប្រធានការិយាល័យ al-Hayya ត្រូវបានសម្លាប់។ ភ្លាមៗក្រោយវាយប្រហារកាលពីល្ងាចម្សិលមិញទាំងកាតាព្រមទាំងសម្ព័ន្ធមិត្តរបស់ខ្លួនបានថ្កោលទោសអ៊ីស្រាអែល តែមិនបានបញ្ជាក់ថាតើនឹងចាត់វិធានការឆ្លើយតបបែបណាទៅកាន់អ៊ីស្រាអែលនៅឡើយនោះទេ៕