ភ្នំពេញ៖ ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៥នេះ កម្ពុជាសម្រេចការនាំចេញអង្ករជាង ៤៧២ ពាន់តោន ដែលគិតជាទឹកប្រាក់មានចំនួនជាង ៣៤៨.១៨ លានដុល្លារ។ ទិន្នផលនៃការនាំចេញនេះ ត្រូវបានធ្វើឡើងដោយក្រុមហ៊ុននាំចេញចំនួន៥១ក្រុមហ៊ុន ទៅកាន់៦៦គោលដៅ។ នេះបើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា។
បើតាមរបាយការណ៍ ក្នុងចំណោមគោលដៅទាំង៦៦ កម្ពុជាសម្រេចការនាំចេញអង្ករជាង ២២ម៉ឺនតោន គិតជាទឹកប្រាក់មានចំនួន ១៧៦.៣៣ លានដុល្លារ ទៅកាន់២៦ប្រទេសនៅក្នុងទ្វីបអឺរ៉ុប, ៧ប្រទេសសមាជិកអាស៊ាន បានជាង៦,២ ម៉ឺនតោន គិតជាទឹកប្រាក់ជាង ៤៣លានដុល្លារ, ប្រទេសចិន និងរដ្ឋបាលតំបន់ស្វយ័តជាង១១ម៉ឺនតោន គិតជាទឹកប្រាក់ជាង ៦៨ លានដុល្លារ, និង៣២ប្រទេសផ្សេងៗទៀត អាហ្វ្រិក មជ្ឈឹមបូព៌ា។ល។ ជិត៦,៧ ម៉ឺនតោន គិតជាទឹកប្រាក់ជាង ៥៩ លានដុល្លារ។
របាយការណ៍បញ្ជាក់ថា ប្រភេទអង្ករនាំចេញមានដូចជា អង្ករក្រអូបគ្រប់ប្រភេទ ៨៧%, អង្ករសគ្រាប់វែង ៩.៧២%, អង្ករចំហុយ ១%, អង្ករសរីរាង្គ ១.៨៣%, និងអង្ករផ្សេងៗទៀត ០.៤៥% ។ ជាមួយគ្នានេះ កម្ពុជាក៏សម្រេចបានការនាំចេញស្រូវជាង ៤,៨ លានតោន គិតជាទឹកប្រាក់មានចំនួនជាង ១,១ ពាន់លានដុល្លារ ទៅកាន់ប្រទេសជិតខាងក្នុងរយៈពេល៨ខែឆ្នាំ២០២៥នេះ៕