ភ្នំពេញ៖ លោក Ferdinand Romualdez Marcos Jr.ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន នឹងក្លាយជា«មេដឹកនាំបរទេស»ដំបូងគេដែលហោះហើរចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោ នៅថ្ងៃទី ៩ កញ្ញាស្អែកនេះ។នេះបើយោងតាមលទ្ធផលជំនួបរវាង សម្តេច ហ៊ុន សែន ជាមួយ លោក ម៉ាកូស។
លោក Marcos និង លោកជំទាវ ព្រមទាំងក្រុមការងារនៃប្រទេសហ្វីលីពីន អញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៧ ដល់ទី ៩ ខែកញ្ញា ២០២៥ នៅកម្ពុជា ដោយកាលពីម្សិលមិញបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិចាស់។
តាមផែនការដែលបានគ្រោងទុក គឺលោកប្រធានាធិបតីប្រើព្រលានចាស់ ដើម្បីហោះចេញ តែក្នុងជំនួបជាមួយសម្តេចនាព្រឹកនេះ សម្តេចសម្រេចឱ្យហោះនៅព្រលានថ្មីតែម្តង បង្ហាញពីទំនាក់ទំនងកាន់តែល្អនៃប្រទេសទាំងពីរ។
អាកាសយានដ្ឋានអន្តរជាតិ លំដាប់ 4F របស់ប្រទេសកម្ពុជា បានប្រកាសបើកឱ្យប្រតិបត្តិការនៅថ្ងៃទី៩ ខែកញ្ញា ខណៈពិធីសម្ពោធជាផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាពរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ក្រុមហ៊ុនអាកាសចរណ៍ចំនួន ២ គឺក្រុមហ៊ុន Air Cambodia និងក្រុមហ៊ុន Singapore Airlines នឹងធ្វើការចុះចតនៅអាកាសយានដ្ឋានអន្តរជាតិតេជោ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ ដែលជាថ្ងៃសម្ពោធជើងហោះហើរដំបូង នឹងត្រូវធ្វើឡើងក្រោមអធិបតីភាព លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកសចរណ៍ស៊ីវិល លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកអ្នកឧកញ៉ា ពុង ឃាវសែ ព្រមទាំងថ្នាក់ដឹកនាំជាច្រើនរូបទៀត៕