ភ្នំពេញ៖ សមាជិកសមាគមឧកញ៉ាកម្ពុជាចំនួន ២រូប កំពុងដឹកនាំគណៈប្រតិភូសមាគមរបស់ខ្លួនចូលរួមអមដំណើរលោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងបេសកកម្មទាក់ទាញ និងជំរុញវិនិយោគទៅកាន់សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥។ នេះបើតាមសេចក្ដីជូនដំណឹងរបស់សមាគមឧកញ៉ាកម្ពុជា។
យោងតាមសំណើពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉កម្ពុជា បានចាត់តាំង អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ និង អ្នកឧកញ៉ា គួន ធីតា ប្រធានអនុគណៈកម្មការទំនាក់ទំនង និងធុរកិច្ច ធ្វើជាតំណាងលោកអ្នកឧកញ៉ាប្រធាន ដើម្បីដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជាដែលមានសមាសភាពសរុបចំនួន ១៧រូប ចូលរួមអមដំណើរ លោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងបេសកកម្មទាក់ទាញ និងជំរុញវិនិយោគទៅកាន់សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥។
បើតាមសេចក្ដីជូនដំណឹង នៅក្នុងបេសកកម្មនេះ គណៈប្រតិភូនឹងចូលរួមនៅក្នុងកម្មវិធីសំខាន់ៗជាច្រើនរួមមាន៖ ជំនួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំខេត្តហ៊្វូជៀន, ជំនួបជាមួយថ្នាក់ដឹកនាំសមាគម Min Chinese Investigators,ពិព័រណ៍អន្តរជាតិចិនលើកទី២៥ និងវេទិកាខ្សែក្រវាត់ និងផ្លូវ, កម្មវិធី Future Investment Conference 2025 ក៏ដូចជាជំនួបធុរកិច្ចជាច្រើនទៀតដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយនិងធ្វើបច្ចុប្បន្នភាពអំពីបរិយាកាសវិនិយោគព្រមទាំងកាលានុវត្តភាពធុរកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។
គួរបញ្ជាក់ថា អ្នកឧកញ៉ា គួន ធីតា នឹងដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ក្នុងឱកាសបំពេញការងារនៅទីក្រុងសៀមិន នាថ្ងៃទី៧-៩ ខែកញ្ញា ឆ្នាំ២០២៥ ដោយឡែក អ្នកឧកញ៉ា ហ៊ុន ឡាក់ នឹងដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជាក្នុងពេលបំពេញបេសកកម្មនៅទីក្រុងហុងកុងចាប់ពីថ្ងៃទី៩-១២ ខែកញ្ញា ឆ្នាំ២០២៥៕