ភ្នំពេញ៖ លោក ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន និងលោកស្រី Louise Araneta-Marcos នៅថ្ងៃទី ៧ កញ្ញានេះ បានអញ្ជើញមកដល់កម្ពុជាហើយនៅម៉ោងប្រមាណជាង៣ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។
ការមកដល់ លោក ម៉ាកូស គឺមានការទទួលដោយផ្ទាល់ពីលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា លោក ឈិន កេតនា អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិកា រគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងមានមន្ត្រីជាន់ខ្ពស់ជាច្រើននាក់ទៀត។
ក្នុងដំណើរទស្សនកិច្ចនេះ លោក ម៉ាកូស នឹងអញ្ជើញ ជួបជាមួយសម្តេច ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ព្រមទាំងមានជំនួបពិភាក្សា ទ្វេភាគីជាមួយ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព ដើម្បីពិភាក្សាស៊ីជម្រៅ លើការពង្រឹងទំនាក់ទំនងដ៏កក់ក្តៅ និង ពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញ ទៅមក។ ភាគីទាំងពីរ នឹងផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និង អន្តរជាតិនានាដែលជាចំណាប់អារម្មណ៍រួម។ ឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគីមួយចំនួន ក៏នឹងត្រូវបានចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចនេះ។
គួរបញ្ជាក់ថា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង ភរិយា កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំក្រុមការងាររាជរដ្ឋាភិបាលបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសហ្វីលីពីនចាប់ផ្តើមពីថ្ងៃទី១០-១១ ខែកម្ភៈ។ជាដំណើរទស្សនកិច្ច តបតាមការអញ្ជើញរបស់ លោក Ferdinand R. Marcos Jr. ប្រធានាធិបតីហ្វីលីពីន។ក្រោយមកទៀត នៅថ្ងៃទី ២៧ ឧសភា សម្តេច ហ៊ុន ម៉ាណែត និង លោក Ferdinand R. Marcos Jr. បានស្កាត់ជួបគ្នាម្តងទៀត នៅពេលចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅម៉ាឡេស៊ី។
ក្នុងជំនួបកន្លងទៅមេដឹកនាំកម្ពុជា-ហ្វីលីពីន ពិភាក្សាគ្នាអំពីវិស័យសក្ដានុពលសំខាន់ៗមួយចំនួន ជាអាទិ៍៖ ឌីជីថល បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI), សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs), ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក, សេវាកម្មថែទាំសុខភាព, ទេសចរណ៍, ព្រមទាំងសន្តិសុខ និងការពារជាតិ។ ថ្នាក់ដឹកទាំងពីរ បានឯកភាពប្រគល់ភារកិច្ចដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ បន្តកិច្ចពិភាក្សាលម្អិតលើវិស័យសក្តានុពលខាងលើ ដើម្បីជំរុញឱ្យចេញជាសកម្មភាពជាក់ស្ដែង៕