681 ezgif.com resize
Swift cc time

ក្រុមហ៊ុនទេសចរណ៍ដ៏ធំនិងឈានមុខគេប្រចាំវៀតណាម ប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងទេសចរណ៍)

ទីក្រុងហូជីមិញ៖ ក្រុមហ៊ុន Saigontourist Group ដ៏ធំ និងឈានមុខគេមួយបង្កើតឡើងជាង៥០ឆ្នាំ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយប្រទេសកម្ពុជា។ ការប្ដេជ្ញានេះ ត្រូវបានធ្វើឡើងក្នុងកិច្ចពិភាក្សាការងារជាមួយលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។

នាឱកាសនេះ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកដ៏សំខាន់ក្នុងវិស័យទេសចរណ៍កម្ពុជា តាមរយៈការរៀបចំកញ្ចប់ទស្សនកិច្ចនៅកម្ពុជាដល់ភ្ញៀវទេសចរវៀតណាម និងអន្តរជាតិកន្លងមក។ លោកក៏បានស្នើក្រុមហ៊ុនពិនិត្យលទ្ធភាពដាក់ទុនវិនិយោគក្នុងវិស័យទេសចរណ៍នៅកម្ពុជា ដោយនាពេលបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់នូវការលើកទឹកចិត្តជាច្រើនយ៉ាង និងអាទិភាពកដល់វិនិយោគិនបរទេសមកវិនិយោគនៅប្រទេសកម្ពុជា។

លោក ហួត ហាក់ ក៏បានស្នើឱ្យជួយផ្សព្វផ្សាយយ៉ាងទូលំទូលាយ និងទប់ស្កាត់នូវព័ត៌មានក្លែងក្លាយពីកម្ពុជា ដែលកម្ពុជាជាគោលដៅមានសន្តិសុខ និងសុវត្ថិភាពល្អសម្រាប់អ្នកទេសចរ និងអ្នកវិនិយោគទាំងអស់ រួមទាំងប្រជាពលរដ្ឋនៅជុំវិញផងដែរ តួយ៉ាង ការផ្សព្វផ្សាយព័ត៌មានមិនពិតពីកម្ពុជា ដែលអាចជះឥទ្ធិពលមិនល្អពីប្រទេសកម្ពុជា ពិសេសវិស័យទេសចរណ៍ និងទំនាក់ទំនងរវាងប្រទេសម្ពុជា និងពិភពលោក ដោយកន្លងមកក្រសួង និងស្ថានទូតបរទេសប្រចាំនៅកម្ពុជាមួយចំនួន បានសហការយ៉ាងជិតស្និទ្ធិ ដើម្បីផ្តល់កិច្ចការពារ សុខសុវត្ថិភាព និងសន្តិសុខដល់អ្នកទេសចរ និងប្រជាពលរដ្ឋបរទេសកំពុងស្នាក់នៅនៅកម្ពុជា ជាពិសេសសម្របសម្រួលដល់ដំណើរកម្សាន្ត FAM Trip មកកាន់ប្រទេសកម្ពុជា ដើម្បីស្វែងយល់ពីសក្តានុពលទេសចរណ៍របស់កម្ពុជា។

បើតាមក្រសួងទេសចរណ៍ តាមរយៈជំនួបប្រកបដោយផ្លែផ្កា គូភាគីបានឯកភាពសហការរៀបចំដំណើរទស្សនកិច្ចស្វែងយល់ពីសក្តានុពលទេសចរណ៍របស់កម្ពុជា ដើម្បីសិក្សាជាមួយវិស័យឯកជនកម្ពុជារៀបចំបង្កើតកញ្ចប់ទេសចរណ៍រួមគ្នា (Joint Tour Packages) ថ្មីបន្ថែមដែលមានលក្ខណៈទាក់ទាញ និងច្នៃប្រឌិត ជាពិសេសមានលក្ខណៈប្រកួតប្រជែង ព្រមទាំងជួយ សហការផ្សព្វផ្សាយឱ្យបានទូលំទូលាយប្រកបដោយប្រសិទ្ធិភាពទៅដល់ភ្ញៀវទេសចរវៀតណាម និងមកពីប្រទេសទីបី៕


Khcct banner

អត្ថបទទាក់ទង