ភ្នំពេញ៖ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងក្រុមប្រឹក្សាភិបាលទេសចរណ៍សាន់យ៉ា នាថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការផ្សព្វផ្សាយទេសចរណ៍ រវាងព្រះរាជាណាចក្រកម្ពុជា និងទីក្រុងសាន់យ៉ា នៃខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន។
អនុស្សារណៈនៃការយោគយល់គ្នានេះ គូសបញ្ជាក់ពី ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអង្គភាពទាំងពីរ លើចំនុចសំខាន់ៗរួមមាន៖ គំនិតផ្តួចផ្តើមរួមគ្នាក្នុងការផ្សព្វផ្សាយតំបន់ទេសចរណ៍ និងយុទ្ធនាការទីផ្សារនៅក្នុងតំបន់ ដើម្បីជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍របស់ខ្លួនទាំងក្នុងតំបន់និងជាសាកល។
លោក គឹម មិនា នាយកប្រតិបត្តិនៃក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា មានប្រសាសន៍ថា អនុស្សារណៈនៃការយោគយល់គ្នានេះ គឺមិនត្រឹមតែជាកិច្ចព្រមព្រៀងប៉ុណ្ណោះទេ តែវាគឺជាការបញ្ជាក់ពីការពង្រឹងចំណងមិត្តភាព ការផ្លាស់ប្ដូរចំណេះដឹងបទពិសោធ និងកិច្ចសហប្រតិបត្តិការរយៈពេលវែង ដែលនឹងផ្តល់ជាប្រយោជន៍ដល់អាជីវកម្ម ក៏ដូចជាអ្នកប្រកបរបរក្នុងវិស័យទេសចរណ៍ និងភ្ញៀវទេសចរផងដែរ។
លោកស្រី Wu Xiaolin លេខាគណៈកម្មាធិការបក្ស និងជាអគ្គនាយករងនៃក្រុមប្រឹក្សាភិបាលទេសចរណ៍សាន់យ៉ា មានប្រសាសន៍ថា ភាពជាដៃគូនេះ បានគូសបញ្ជាក់ពីចក្ខុវិស័យរួមគ្នា ក្នុងការជំរុញកំណើនទេសចរណ៍តំបន់ទាំងពីរ។ តាមរយៈការសហការគ្នាយ៉ាងរឹងមាំនេះ ភាគីទាំងពីរនឹងរួមគ្នា ផ្សព្វផ្សាយពីតំបន់ទេសចរណ៍ដ៏ស្រស់ស្អាត ក៏ដូចជាបង្កើនបទពិសោធរបស់ភ្ញៀវទេសចរ ហើយទាំងអស់នេះនឹងចូលរួមផ្តល់ផលប្រយោជន៍សេដ្ឋកិច្ច និងវប្បធម៌យូរអង្វែង សម្រាប់ភាគីទាំងពីរ។
ភាពជាដៃគូយុទ្ធសាស្ត្រនេះ បានបង្ហាញពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការលើ ការងារផ្សព្វផ្សាយទេសចរណ៍ក្នុងតំបន់ ដើម្បីបង្កើនការយល់ដឹងជាវិជ្ជមានពីកត្តាសុខសុវត្ថិភាព ផលិតផលទេសចរណ៍ វប្បធម៌ និងធានាថាវិស័យទេសចរណ៍ នៅតែជាកត្តាជំរុញដ៏សំខាន់ នៃកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងការអភិវឌ្ឍដល់សហគមន៍។ ហើយភាពជាដៃគូនេះ គឺស្របតាមការប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញវិស័យទេសចរណ៍រវាងកម្ពុជា និងចិន។ គំនិតផ្តួចផ្តើម "ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥" ត្រូវបានប្រកាសសម្ពោធជាផ្លូវការ ចាប់ពីខែឧសភា ឆ្នាំ២០២៥ ដល់ខែឧសភា ឆ្នាំ២០២៦ដែលផ្ដោតសំខាន់លើការកសាងមូលដ្ឋានគ្រឹះយូរអង្វែង សម្រាប់កិច្ចសហប្រតិបត្តិការផ្សព្វផ្សាយទេសចរណ៍ ពង្រឹងចំណងមិត្តភាព និងកសាងអនាគតប្រកបដោយសន្តិភាព វិបុលភាព និងចីរភាព។
គួរបញ្ជាក់ថា កម្ពុជាទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណជាង ៣,៧លាននាក់ ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៥។ ក្នុងនោះ ភ្ញៀវទេសចរពីប្រទេសចិនមានចំនួនប្រមាណ ៦៩ម៉ឺននាក់ ដែលកើនឡើងប្រមាណ ៥០% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ ទន្ទឹមនឹងនេះ ទីក្រុងសាន់យ៉ា ទទួលបានការកើនឡើងជាង ៨០% នៃភ្ញៀវទេសចរពីកម្ពុជា សម្រាប់៧ខែដំបូងនៃឆ្នាំ២០២៥៕