681 ezgif.com resize
Swift cc time

CDC អនុម័តចុះបញ្ជីគម្រោងវិនិយោគចំនួន ៤៩១ ក្នុងទំហំទុនសរុបប្រមាណ ៧,២ ប៊ីលានដុល្លារ រយៈពេល៨ខែ ឆ្នាំ២០២៥

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្នុងរយៈពេល៨ខែនៃឆ្នាំ២០២៥នេះ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.វ.ក.) បានសម្រេចុះបញ្ជីគម្រោងវិនិយោគចំនួន ៤៩១គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៧,២ប៊ីលានដុល្លារអាម៉េរិក គឺគម្រោងវិនិយោគមានការកើនឡើងចំនួន ២០៤គម្រោងស្មើនឹងប្រមាណ ៧១% ខណៈទុនវិនិយោគមានការកើនឡើងប្រមាណ ២,៥ប៊ីលានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ៥០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ នេះបើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

បើតាមរបាយការណ៍ ក្នុងចំណោមគម្រោងវិនិយោគទាំងជិត៥០០គម្រោងនេះ មានគម្រោងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន ១៩១ គម្រោង។ ទុនវិនិយោគក្នុងវិស័យសំខាន់ៗក្នុងរយៈពេល៨ខែនេះមានដូចជា៖ វិស័យឧស្សាហកម្ម ៥ ប៊ីលានដុល្លារ វិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ ១,៨ ប៊ីលានដុល្លារ វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ៣៧០ លានដុល្លារ និង វិស័យទេសចរណ៍ ១៧៥ លានដុល្លារ។

ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៥ ប្រភពទុនវិនិយោគឈានមុខគេទាំង១០ប្រចាំនៅកម្ពុជាមានដូចជា៖ ចិន ៥២,៨២% កម្ពុជា ៣១,២៦% សិង្ហបុរី ៦,៩៤% វៀតណាម ៥,៤៥% កោះ British Virgin ០,៨៩% អង់គ្លេស ០,៦៧% កោះ Cayman ០,៥៥% Burmeda ០,៣៥% សហរដ្ឋអាម៉េរិក ០,២៩% កោះ Samoa ០,២៧% ។

របាយការណ៍ក៏បានបញ្ជាក់ថា ចំពោះខែសីហា ឆ្នាំ២០២៥ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន៥១គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ៦០៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ២៧ពាន់កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគសរុបគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣៥គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១៦គម្រោង៕


Khcct banner

អត្ថបទទាក់ទង