681 ezgif.com resize
Swift cc time

កម្ពុជាប្រើយន្តការគ្រប់លំដាប់ថ្នាក់សុំ«កិច្ចអន្តរាគមន៍»ពីអន្តរជាតិចំពោះការបំពានបទឈប់បាញ់របស់ថៃ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ។

ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ៤ កញ្ញានេះ បានចេញនូវសេចក្តីប្រកាសព័ត៌មាន ចំពោះហេតុការណ៍បំពានជាបន្តបន្ទាប់របស់ប្រទេសថៃលើដែនអធិបតេយ្យរបស់កម្ពុជាដែលបំពានបទឈប់បាញ់ដែលបានព្រមព្រៀងគ្នា កាលពីថ្ងៃទី ២៨ កក្កដា ឆ្នាំ២០២៥។ទប់ការបំពានពីថៃនេះ រាជរដ្ឋាភិបាលកម្ពុជា បានប្រើយន្តការគ្រប់លំដាប់ថ្នាក់ដែលមានជាធរមាន ដើម្បីតវ៉ាទៅកាន់ភាគីថៃ និងជូនដំណឹងទៅកាន់ភាគីពាក់ព័ន្ធ តាមគ្រប់មធ្យោបាយការទូតដោយស្របតាមច្បាប់អន្តរជាតិ។

យោងតាមសេចក្តីប្រកាសព័ត៌មាន ករណីកើតឡើងនៅភូមិជោគជ័យ និង ភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ ភាគីថៃបានធ្វើសកម្មភាពជាឯកតោភាគី ចាប់តាំងពីថ្ងៃទី ១២ សីហា ឆ្នាំ២០២៥មកដែលនាំឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋដែលអាស្រ័យផលជាយូរលង់ណាស់មកហើយ។

ប្រឆាំងការបំពានជាបន្តបន្ទាប់នេះ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការយ៉ាងសកម្ម ដោយប្រើយន្តការគ្រប់លំដាប់ថ្នាក់ដែលមានជាធរមាន ដើម្បីតវ៉ាទៅកាន់ភាគីថៃ និង ជូនដំណឹងទៅកាន់ភាគីពាក់ព័ន្ធ តាមគ្រប់មធ្យោបាយការទូតដោយស្របតាមច្បាប់អន្តរជាតិ ដោយធ្វើកំណត់ទូតតវ៉ា៣លើកទៅថៃ និងជូនទៅអង្គការអន្តរជាតិនានា បូករួមទាំងអង្គការសហប្រជាជាតិផងដែរ។

ចំណែកក្នុងកិច្ចប្រជុំកន្លងទៅជាមួយថៃ កម្ពុជាតែងតែទទូចឱ្យភាគីថៃគោរពបទឈប់បាញ់ ធ្វើកំណត់លិខិតតវ៉ាជាច្រើនលើកទៅកាន់អាជ្ញាធរថៃ ឱ្យគោរពកិច្ចព្រមព្រៀងរួមគ្នា ហើយឈប់បំពានបទឈប់បាញ់ ឈប់បំពានច្បាប់អន្តរជាតិតាមរយៈសកម្មភាពជាឯកតោភាគីឈ្លាពានចូលដែនអធិបតេយ្យកម្ពុជា។

ក្រៅពីនេះ ក្នុងដំណើរទស្សនកិច្ចរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅក្រៅប្រទេសដោយតែងតែទទូលស្នើសុំទៅកាន់មេដឹកនាំកំពូលៗ ដើម្បីធ្វើកិច្ចអន្តរាគមន៍ជាបន្ទាន់ ទប់ស្កាត់សកម្មភាពរបស់ថៃ បំពានបទឈប់បាញ់។សម្រាប់មេដឹកនាំកម្ពុជា មានតែជនទី៣ទេដែលអាចទប់ស្កាត់សកម្មភាពរបស់ក្រុមយោធាថៃបាន។

គួរបញ្ជាក់ថា ការចេញនូវសេចក្តីប្រកាសព័ត៌មាននេះ គឺធ្វើឡើងស្របពេលដែលកម្លាំងយោធាថៃ នៅថ្ងៃទី ៤ កញ្ញានេះ បានបន្តចេញសកម្មភាពរាយបន្លាលួសនៅភូមិជោគជ័យ ខេត្តបន្ទាយមានជ័យ តែត្រូវបានព្យាយាមរារាំងដោយប្រជាពលរដ្ឋរស់នៅទីនោះ៕



Khcct banner

អត្ថបទទាក់ទង