បាត់ដំបង៖ លោក ហេង ហុង ប្រធាននាយកដ្ឋានតំបន់បេតិកភណ្ឌ នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានក្រសួងបរិស្ថាន នាថ្ងៃទី២ ខែកញ្ញា សហការជាមួយអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិនៅកម្ពុជា(FFI) បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី «ដំណើរការរៀបចំបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ» និងផ្សព្វផ្សាយលទ្ធផលនៃការសិក្សាស្រាវជ្រាវជីវៈចម្រុះនៅភ្នំបាណន់ និងភ្នំសំពៅ។
សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងនៃសិក្ខាសាលា ដើម្បី៖ ១-ពិនិត្យនិងផ្តល់ធាតុចូលលើដំណើរការការរៀបចំបង្កើតតំបន់បេតិកភណ្ឌធម្មជាតិភ្នំបាណន់ និងភ្នំសំពៅ និង២-បង្ហាញពីលទ្ធផលនៃការសិក្សាស្រាវជ្រាវជីវៈចម្រុះ និងពិភាក្សាសក្តានុពលដែលឆ្លើយតបទៅនឹងលក្ខណៈវិច្ឆ័យសម្រាប់រៀបចំភ្នំបាណន់ និងភ្នំសំពៅជាតំបន់បេតិកភណ្ឌធម្មជាតិ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០២៤ អង្គការFFI សហការជាមួយនាយកដ្ឋានជំនាញពាក់ព័ន្ធ នៃក្រសួងបរិស្ថាន ដោយមានការគាំទ្រពីរដ្ឋបាលខេត្តបាត់ដំបង បានចុះសិក្សាស្រាវជ្រាវជីវៈចម្រុះ នៅភ្នំបាណន់ និងភ្នំសំពៅ។ ជាលទ្ធផលតាមរយៈការដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិ (Camera trap) បានរកឃើញប្រភេទថនិកសត្វកម្រងាយរងគ្រោះជាសកលក្នុងបញ្ជីក្រហមរបស់អង្គការIUCN រួមមាន សត្វពង្រូល កែះ ស្វាត្រោស ស្វាក្ដាម និងប្រភេទ មាន ដោយបង្គួរជាច្រើនទៀត រួមមាន សត្វឆ្កែចចក ឆ្មាដាវ ប្រម៉ា ក្ដាន់ញ៉ែងតូច ក្ងោក និងសំពោច ជាពិសេសបានរកឃើញសត្វតុកកែ និងខ្យងប្រភេទថ្មីសម្រាប់ពិភពលោកផងដែរ៕