ភ្នំពេញ៖ កិច្ចពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមា របស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៦ ត្រូវបានឯកភាពរៀបចំប្រជុំជាបន្តបន្ទាប់នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ខាងមុខនេះ ខណៈលទ្ធផលនៃកិច្ចប្រជុំនៅថ្ងៃទី៣កញ្ញានេះ តំណាងភាគីកម្មករនិយោជិត បានស្នើនូវតួលេខកំណើនចំនួន ១០ដុល្លារអាម៉េរិក លើតួលេខបច្ចុប្បន្ន ២០៨ដុល្លារអាម៉េរិក និងតំណាងភាគីនិយោជក បានស្នើរក្សាតួលេខបច្ចុប្បន្ន ២០៨ដុល្លារអាម៉េរិក។
បើតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានបន្តកិច្ចប្រជុំរបស់ខ្លួនចាប់ពីម៉ោង ៨:០០នាទីព្រឹក ដល់ម៉ោង ១៣:៣០នាទី ដើម្បីបន្តពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៦។
គិតត្រឹមថ្ងៃនេះ កិច្ចប្រជុំពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមា សរុបមានចំនួន ១១លើក រួមមាន កិច្ចប្រជុំត្រីភាគី ចំនួន ២លើក កិច្ចប្រជុំទ្វេភាគី ចំនួន ៣លើក កិច្ចប្រជុំផ្ទៃក្នុងរបស់តំណាងភាគីកម្មករនិយោជិត ចំនួន ៣លើកនិងកិច្ចប្រជុំផ្ទៃក្នុងរបស់តំណាងភាគីនិយោជក ចំនួន ៣លើក។ ភាគីពាក់ព័ន្ធបានបន្តលើកហេតុផល និងបង្ហាញនូវគោលជំហរផ្ទៃក្នុងរបស់ខ្លួនទៅវិញទៅមកប្រកបដោយវិជ្ជាជីវៈ និងភាពចាស់ទុំអំពីសំណើរបស់ខ្លួន។
ជាលទ្ធផល តំណាងភាគីកម្មករនិយោជិត បានស្នើនូវតួលេខកំណើនចំនួន ១០ដុល្លារអាម៉េរិក លើតួលេខបច្ចុប្បន្ន ២០៨ដុល្លារអាម៉េរិក និងតំណាងភាគីនិយោជក បានស្នើរក្សាតួលេខបច្ចុប្បន្ន ២០៨ដុល្លារអាម៉េរិក។
អង្គប្រជុំបានឯកភាពគ្នាកំណត់កិច្ចពិភាក្សាជាលក្ខណៈត្រីភាគីបន្តទៀត នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ដូចកាលវិភាគដែលបានព្រមព្រៀងគ្នាក្នុងសេចក្តីជូនដំណឹង កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥។
គួរបញ្ជាក់ថា កិច្ចពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមា របស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៦ ត្រូវបានរៀបចំប្រជុំលើកទី១ កាលពីរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥។ កិច្ចប្រជុំលើកទី១នេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាសរុបចំនួន ៥១រូប៕