681 ezgif.com resize
Swift cc time

ខេត្តចំនួន៤របស់កម្ពុជាទទួលបានគម្រោងវិនិយោគថ្មីពីក្រុមហ៊ុន៤ក្នុងទុនសរុបជាង២០លានដុល្លារ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីវិនិយោគដល់ក្រុមហ៊ុនវិនិយោគចំនួន៤ ក្នុងទុនវិនិយោគសរុបជាង ២០លានដុល្លារ ដើម្បីបង្កើតរោងចក្រវិនិយោគក្នុងខេត្តតាកែវ ស្វាយរៀង ព្រះសីហនុ និងកំពង់ស្ពឺ។ ក្រុមហ៊ុនទាំង៤នេះ បាននិងកំពុងបោះទុនវិនិយោគលើការបង្កើតរោងចក្រផលិតសម្ភារៈកីឡា, រោងចក្រផលិត និងដំឡើងឧបករណ៍ចម្អិន សម្ភារៈប្រើប្រាស់ពីប្លាស្ទិក និងគ្រឿងសម្ហារិម, រោងចក្រផលិតសម្ភារៈក្មេងលេង, និង រោងចក្រផលិតឧបករណ៍ផ្ទុកថាមពល និងគ្រឿងអគ្គិសនីផ្សេងៗ ដែលអាចបង្កើតឱកាសការងាររាប់ពាន់កន្លែងដល់ប្រជាពលរដ្ឋក្នុងតំបន់។

បើតាមរបាយការណ៍ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្រុកបាទី ខេត្តតាកែវ ទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រផលិតឧបករណ៍ផ្ទុកថាមពល និងគ្រឿងអគ្គិសនីផ្សេងៗ ក្នុងទំហំទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ២០០កន្លែង។

ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រផលិតសម្ភារៈប្លាស្ទិក (ពោងគ្រប់ប្រភេទ សម្ភារៈក្មេងលេង តង់ ក្តារបន្ទះជិះលើទឹក) នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហ្វ័រសុន ហ្គីហ្គា ក្នុងទំហំទុនវិនិយោគចំនួន ៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ៥៣០កន្លែង។

ក្រុងកំពង់សោម ខេត្តព្រះសីហនុ ទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រផលិត និងដំឡើងឧបករណ៍ចម្អិន សម្ភារៈប្រើប្រាស់ពីប្លាស្ទិក និងគ្រឿងសង្ហារិម នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក្នុងទំហំទុនវិនិយោគចំនួន ៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១៨១កន្លែង។

ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រផលិតសម្ភារៈកីឡា ក្នុងទំហំទុនវិនិយោគប្រមាណ ៥,៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២៤២កន្លែង៕


Khcct banner

អត្ថបទទាក់ទង