ភ្នំពេញ៖ ក្រុមហ៊ុន ENN Group China ដ៏ធំផ្នែកបញ្ញាសិប្បនិមិត្ត (AI) ពីខេត្ត Hebei Guangxi ប្រទេសចិន បានជួបពិភាក្សាការងារជាមួយក្រសួងទេសចរណ៍ ក្នុងគោលបំណងស្នើសុំកិច្ចសហការគាំទ្រ និងសម្របសម្រួល លើគម្រោងរបស់ក្រុមហ៊ុន ក្នុងការចុះអនុស្សរណៈនៃការយោគយល់ (MoU) ជាមួយសមាគមទេសចរណ៍ធំៗ (AI) ក្នុងប្រទេសកម្ពុជា ដើម្បីធ្វើបរិបត្តិកម្ម និងការប្រើប្រាស់បញ្ញាសប្បនិមិត្តក្នុងវិស័យទេសចរណ៍ នៅទីស្តីការក្រសួងទេសចរណ៍។
ក្នុងជំនួបនាល្ងាចថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥នេះ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងអំណរគុណ និងកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ដល់ក្រុមហ៊ុនចំពោះគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់ ដោយធ្វើការនាំមកនូវបចេ្ចកវិទ្យាព័ត៌មានវិទ្យាកម្រិតខ្ពស់ និងទំនើបសម្រាប់អភិវឌ្ឍវិស័យទេសចរណ៍។
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានឯកភាពជួយសម្របសម្រួលជូនក្រុមហ៊ុនជាមួយសមាគមទេសចរណ៍ធំៗរបស់កម្ពុជា ដើម្បីឈានដល់ការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្របតាមស្មារតី «ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥» ដែល បានគាំទ្រដោយថ្នាក់ដឹកនាំកំពូលរបស់ប្រទេសទាំងពីរ និងដើម្បីជួយជំរុញកំណើនទេសចរចិន និងអន្តរជាតិមកទេសចរកម្ពុជាកាន់តែច្រើនឡើងបន្ថែមទៀត។
គួរបញ្ជាក់ជូនថា ក្រុមហ៊ុន ENN Group China ជាក្រុមហ៊ុនដ៏ធំមានទីស្នាក់ការចុះបញ្ជីនៅក្នុងខេត្ត បង្កើតឡើងជាង៣៦ឆ្នាំមកហើយ មានបុគ្គលិកជាង៤៥.០០០នាក់ និងមានប្រាក់ចំណូលជាង២២ពាន់ដុល្លារអាម៉េរិក ព្រមទាំងជាប់ចំណាត់ថ្នាក់ជាក្រុមហ៊ុនឯកជនទាំង១០០ដ៏ធំនៅប្រទេសចិន៕