ប៉េកាំង៖ មហាអំណាចចិន នៅព្រឹកថ្ងៃទី៣ ខែកញ្ញានេះ បានរៀបចំពិធីរំលឹកខួប៨០ឆ្នាំនៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និង សង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស។ពិធីនេះ រៀបចំឡើង នៅទីលានធានអានមេននៅទីក្រុងប៉េកាំង ដែលមានពិធីព្យុហយាត្រា និងត្រួតពលដ៏ឱឡារិក ដឹកនាំដោយប្រធានាធិបតីចិន លោកXi Jinping។ក្នុងព្រឹត្តិការណ៍នេះ ក៏មានការចូលរួមពីប្រមុខរដ្ឋ និង រដ្ឋាភិបាលនៃប្រទេស២៦ ក្នុងនោះមានទាំងប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន និងមន្ត្រីទូតនានាពីអាម៉េរិក អង់គ្លេស បារាំង ជាដើម។
ព្រឹត្តិការណ៍ដ៏ធំស្តីពីការរំឮកខួបទី៨០ នៃថ្ងៃជ័យជម្នះរបស់ប្រជាជនចិនក្នុងសង្គ្រាមប្រឆាំងការឈ្លានពានរបស់ជប៉ុន និងសង្គ្រាមប្រឆាំងហ្វាស៊ីសពិភពលោក រៀបចំឡើងក្រោមប្រធានបទ “ចងចាំពីប្រវត្តិសាស្ត្រ រំលឹកវិញ្ញានក្ខន្ធវីរជនពលីជីវិត ថែរក្សាសន្តិភាព និង ត្រួសត្រាយអនាគត”។
ប្រមុខរដ្ឋ និងរដ្ឋាភិបាលនៃប្រទេស២៦បានអញ្ជើញចូលរួមពិធីនេះ។ក្រៅពីនេះ ឯអគ្គរដ្ឋ/រាជទូតបរទេសប្រចាំនៅប្រទេសចិន អនុព័ន្ធយោធា និងតំណាងអង្គការអន្តរជាតិប្រចាំនៅប្រទេសចិន ព្រមទាំងមិត្តបរទេសសមាជិកគ្រួសារដែលនៅរស់រានមានជីវិតចំនួន៥០រូបមកពីប្រទេសចំនួន ១៤ រួមមានរុស្ស៊ី អាម៉េរិក អង់គ្លេស បារាំង និង កាណាដាជាដើមត្រូវបានអញ្ជើញចូលរួម។
ថ្លែងក្នុងពិធីបើកព្យុហយាត្រា មេដឹកនាំចិន លោកXi Jinping បានចាត់ទុកព្រឹត្តិការណ៍ដ៏ធំនេះ ជាការក្រើនរំលឹកដល់អ្នកផងទាំងពួងថា ជោគវាសនារបស់មនុស្សជាតិមានភាពប្រទាក់ក្រឡាគ្នា គ្រប់ប្រទេស និងគ្រប់ជនជាតិមានតែរាប់អានគ្នាដោយសមភាព រួមរស់ដោយសុខដុមរមនីយកម្ម និងជួយយកអាសាគ្នាទៅវិញទៅមក ទើបអាចគាំពារសន្តិសុខរួម និងលុបបំបាត់ឬសគល់នៃសង្រ្គាម ដើម្បីកុំឱ្យសោកនាដកម្មក្នុងប្រវត្តិសាស្រ្តកើតឡើងម្តងទៀត។
បើតាម លោកXi Jinping ប្រជាជនចិនប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវការឈរនៅម្ខាងនៃភាពត្រឹមត្រូវនៃប្រវត្តិសាស្ត្រ ឈរនៅម្ខាងនៃវឌ្ឍនភាពនៃអរិយធម៌មនុស្សជាតិ ប្រកាន់ខ្ជាប់នូវការដើរតាមផ្លូវអភិវឌ្ឍន៍ដោយសន្តិភាព ពួតដៃគ្នាជាមួយប្រជាជននៃប្រទេសនានាដើម្បីកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ ។
គួររម្លឹកថា កាលពី៨០ឆ្នាំមុន បន្ទាប់ពីការតស៊ូប្រយុទ្ធដ៏លំបាក និងបង្ហូរឈាមអស់រយៈពេល១៤ឆ្នាំ ចិនបានទទួលជ័យជម្នះដ៏អស្ចារ្យក្នុងសង្គ្រាមប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និង ប្រកាសពីជ័យជម្នះទាំងស្រុងក្នុងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស។សង្រ្គាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុនបានចាប់ផ្តើមមុនគេ និង មានរយៈពេលយូរជាងគេបំផុត ហើយបានគាំទ្រដល់សមរភូមិសំខាន់នៅទិសបូព៌ានៃសង្គ្រាមពិភពលោកប្រឆាំងហ្វាស៊ីសដោយការពលីដ៏អស្ចារ្យនិងបានរួមចំណែកជាប្រវត្តិសាស្ត្រដល់ជ័យជម្នះនៃសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស៕