សេអ៊ូល, កូរ៉េ៖ ក្រសួងពាណិជ្ជកម្ម និងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ចុះហត្ថលេខា (MoU) ជាមួយអង្គភាពកម្មសិទ្ធិបញ្ញាកូរ៉េ (KIPO) លើផែនការសកម្មភាពពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញាសម្រាប់អនុវត្តឆ្នាំ២០២៥-២០២៧។ ពិធីចុះMoUនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំលើកទី៨ ប្រធានអង្គភាពកម្មសិទ្ធិបញ្ញាកូរ៉េ-អាស៊ាន “The 8th ROK-ASEAN Heads of IP Office Meeting“ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។
បើតាមក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ លោក អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំលើកទី៨ ប្រធានអង្គភាពកម្មសិទ្ធិបញ្ញាកូរ៉េ-អាស៊ាន “The 8th ROK-ASEAN Heads of IP Office Meeting“ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។
នាឱកាសនោះ លោក អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជា ជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត WAN KI KIM ប្រធានអង្គភាពកម្មសិទ្ធិបញ្ញាកូរ៉េ (KIPO) និងសហការី ដើម្បីចុះហត្ថលេខាលើផែនការសកម្មភាពពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញាសម្រាប់អនុវត្តឆ្នាំ២០២៥-២០២៧ របស់អង្គភាព KIPO រវាងក្រសួងពាណិជ្ជកម្ម និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍។
បើតាមក្រសួងពាណិជ្ជកម្ម កិច្ចជំនួបពិភាក្សាការងារនៅ ធ្វើឡើងក្នុងគោលបំណងដើម្បី ពិភាក្សាលើផែនការសកម្មភាពដែលបានលើកឡើងដោយ ភាគី KIPO ដើម្បីអនុវត្តរួមគ្នាជាមួយក្រសួងពាណិជ្ជកម្មនិងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ លើកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ នីតិវិធី និងឧត្តមានុវត្តន៍ថ្មី, ការបណ្តុះបណ្តាលកម្មសិទ្ធិបញ្ញា, កិច្ចការពារកម្មសិទ្ធិបញ្ញា, ប្រកាសនីយបត្រតក្កកម្មនិងគំនូរឧស្សាហកម្ម, ម៉ាកពាណិជ្ជកម្ម, ការលើកកម្ពស់ការយល់ដឹងពីកម្មសិទ្ធិបញ្ញា, និង ការលើកកម្ពស់ផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ កម្ពុជានិងការកសាងកេរ្តិ៍ឈ្មោះម៉ាក។ល។
គួរបញ្ជាក់ថា គណៈប្រតិភូកម្ពុជាដែលចូលរួមនាពេលនោះ រួមមាន៖ លោក ភោគ សុវណ្ណរិទ្ធិ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក ង៉ែត វិបុល ទីប្រឹក្សាក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង លោក សួន វិជ្ជា ទីប្រឹក្សាក្រសួង និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា៕