681 ezgif.com resize
Swift cc time

រយៈពេល៨ខែ ឆ្នាំ២០២៥ ទឹកកខ្វក់ជិត១២លានម៉ែត្រគូប ត្រូវបានទប់ស្កាត់មិនឲ្យហូរចូលបំពុលប៉ះពាល់បរិស្ថាន និងប្រជាពលរដ្ឋ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ ចាប់ពីខែមករា ដល់ដំនាច់ខែសីហា ឆ្នាំ២០២៥ ក្រសួងបរិស្ថានបានតាមដាន ត្រួតពិនិត្យ ការបញ្ចេញសំណល់រាវ និងទប់ស្កាត់ការបញ្ចេញទឹកកខ្វក់ ពីរោងចក្រនិងក្រុមហ៊ុននានា បានចំនួន១១ ៩២៤ ១៩៤ ម៉ែត្រគូប មិនឱ្យមានការបំពុលដល់តំបន់ទឹកសាធារណៈ ប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនិងបរិស្ថាន នៅកម្ពុជា។

បើតាមលោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា តាមរយៈការពង្រឹងការអនុវត្តក្រមបរិស្ថាននិងធនធានធម្មជាតិ ក្រសួងបរិស្ថានបានតាមដាន ត្រួតពិនិត្យ ការបញ្ចេញសំណល់រាវ ពីក្រុមហ៊ុននិងរោងចក្រ ចូលតំបន់ទឹកសាធារណៈ អនុលោមតាមស្តង់ដារ មានប្រមាណ ១,៩ លានម៉ែត្រគីប ក្នុងខែសីហា។

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់បន្ថែមថា ក្រសួងបរិស្ថាន បាននិងកំពុងអនុវត្ត «យុទ្ធនាការផ្ទៃទឹកស្អាត» ដោយផ្តោតលើការសម្អាតទន្លេ និងប្រភពទឹកសាធារណៈពីសំណល់ប្លាស្ទិក ការពង្រឹងការតាមដានគុណភាពទឹកសាធារណៈ ការរៀបចំលិខិតបទដ្ឋានគតិយុត្ត និងគោលការណ៍ណែនាំបច្ចេកទេស និងការបំពាក់ប្រព័ន្ធប្រព្រឹត្តិកម្មសំណល់រាវ និងឧបករណ៍ស្វ័យត្រួតពិនិត្យការបញ្ចញសំណល់រាវ នៅគ្រប់ប្រភពបញ្ចេញសំណល់រាវ ស្របតាមច្បាប់ជាធរមាន។

លោក ខ្វៃ អាទិត្យា បានបន្ថែមថា សម្រាប់កិច្ចការការទប់ស្កាត់ និងកាត់បន្ថយការបំពុលទឹក ពីរោងចក្រ សហគ្រាស ក្រសួងបានអនុវត្តច្បាប់១០០% ដោយត្រូវឱ្យប្រភពបំពុលដែលមានហានិភ័យការបំពុលខ្លាំង ត្រូវបំពាក់និងដំណើរការប្រព្រឹត្តកម្មសំណល់រាវ និងធ្វើការបំពាក់ឧបករណ៍ស្វ័យប្រវត្តិតាមដានសំណល់រាវ ស្របតាមច្បាប់ជាធរមាន។ គិតត្រឹមខែសីហា ឆ្នាំ២០២៥ នេះ មានរោងចក្រចំនួន៥២ បានចុះកិច្ចសន្យារួច ក្នុងនោះមាន រោងចក្រចំនួន៤២ បានបំពាក់ឧបករណ៍ស្វ័យប្រវត្តិតាមដានសំណល់រាវរួចរាល់៕


Khcct banner

អត្ថបទទាក់ទង