ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន ម៉ាណែត នៅថ្ងៃទី០១ កញ្ញាម្សិលមិញនេះ បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាធ្វើមាតុភូមិនិវត្តន៍វិញ បន្ទាប់ពីបញ្ចប់បេសកកម្មរយៈពេល៣ថ្ងៃ នៅទីក្រុងធានជីន ប្រទេសចិន។ ៣ថ្ងៃទោះរយៈពេលខ្លី តែសម្តេច បានស្កាត់ជួបជាមួយមេដឹកនាំធំលើពិភពលោក មានចិន ឥណ្ឌា និងប្រមុខអគ្គលេខាធិការអង្គការសហប្រជាជាតិ។
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ៣០ សីហានេះ បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអង្គការកិច្ចសហប្រតិបត្តិការសៀងហៃបូក នៅទីក្រុងធានជីន ប្រទេសចិន។ ក្នុងដំណើរទស្សនកិច្ចនោះ សម្តេច ហ៊ុន ម៉ាណែត បានជួបជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង ដើម្បីជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
ដំណើរបេសកកម្មការទូតដ៏មានសារសំខាន់រយៈពេល ៣ថ្ងៃ របស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីចូលរួមនៅក្នុងកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃ នៅទីក្រុងធានជីន សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០២៥ ត្រូវបានបិទបញ្ចប់ប្រកបដោយផ្លែផ្កាគួរជាទីមោទន។
នៅអំឡុងដំណើរបេសកកម្មនេះ សម្តេចធិបតី បានជួបពិភាក្សាជាមួយនឹងមេដឹកនាំពិភពលោក និងស្ថាប័នធំៗជាច្រើន ដើម្បីពង្រឹងចំណងការទូតឱ្យកាន់តែស្អិតល្មួត ស៊ីជម្រៅ និងជំរុញទាក់ទាញការវិនិយោគមកកាន់កម្ពុជា។
ក្នុងនោះ ក្រៅតែពីមានកិច្ចពិភាក្សាទ្វេភាគី ជាមួយនឹងប្រធានាធិបតីចិន លោក ស៊ីន ជីនពីង ហើយនោះ សម្តេចធិបតី ក៏បានជួបពិភាក្សាជាមួយនឹងមេដឹកនាំកំពូលៗជាច្រើនទៀតដូចជា៖
- លោក Wang Huning ប្រធានសភា ប្រឹក្សានយោបាយប្រជាជនចិន
- លោក Jin Liqun ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី
- លោក Pham Minh Chinh នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
- លោក Narendra Modi នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋឥណ្ឌា
- លោក ថងលុន ស៊ីសុលីត ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
- លោក Khadga Prasad Sharma Oli នាយករដ្ឋមន្ដ្រីនេប៉ាល់
- លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ។
គួរបញ្ជាក់ថា ត្រឹមរយៈ៣ថ្ងៃ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន ម៉ាណែត បានស្កាត់ជួបជាមួយមេដឹកនាំធំៗ ក្នុងពេលចូលរួមកិច្ចប្រជុំនៅចិន ដើម្បីជំរុញទំនាក់ទំនង ក្នុងពេលមានភាពតានតឹងជាមួយថៃ៕