ចិន៖សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ១ កញ្ញានេះ បានជួបពិភាក្សាការងារជាមួយ លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ។ក្នុងជំនួបនោះប្រមុខUN បានទទួលយកសំណើ ក្នុងការជំរុញអោយភាគីទាំងពីរជៀសវាងការប្រើប្រាស់កម្លាំងយោធា ដើម្បីដោះស្រាយបញ្ហាព្រំដែនដែលមិនទាន់ដាច់ស្រេច និងដោះស្រាយតាមច្បាប់អន្តរជាតិ។
យោងតាមសម្តេច ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា លោក António Guterres បានវាយតម្លៃខ្ពស់ចំពោះកម្ពុជា ដែលបានចូលរួមយ៉ាងសកម្មក្នុងនាមជាសមាជិកនៃអង្គការពិភពលោក ក្នុងកិច្ចការជាច្រើន។ចំណែកពាក់ព័ន្ធនឹងជម្លោះព្រំដែនរវាងកម្ពុជានិងថៃ លោកបាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើករណីនេះ។
លោក António Guterres បានសម្តែងការស្វាគមន៍ចំពោះបទឈប់បាញ់រវាងកងទ័ពកម្ពុជានិងថៃ និង បន្តជំរុញអោយស្ថានការអាចវិលត្រលប់ទៅរកប្រក្រតីភាពនាពេលឆាប់ៗខាងមុខនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។លោកទទួលយកសំណើ ក្នុងការជំរុញអោយភាគីទាំងពីរជៀសវាងការប្រើប្រាស់កម្លាំងយោធា ដើម្បីដោះស្រាយបញ្ហាព្រំដែនដែលមិនទាន់ដាច់ស្រេច ជាពិសេសនៅតំបន់ដែលមានប្រជាពលរដ្ឋរស់នៅ និង ដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី តាមរយៈការប្រើប្រាស់យន្តការព្រំដែនដែលមានស្រាប់ (គឺគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ JBC) ដោយផ្អែកលើមូលដ្ឋាននៃកិច្ចព្រមព្រៀងរវាងកម្ពុជានិងថៃដែលមានជាធរមាន សន្ធិសញ្ញាពាក់ព័ន្ធ និងច្បាប់អន្តរជាតិ៕