681 ezgif.com resize
Swift cc time

សហគ្រាសទេសចរណ៍ធំៗ ពីរដ្ឋធានីប៉េកាំង និងទីក្រុងធានជីង ចំនួន១០ ចាប់អារម្មណ៍លើសក្តានុពលទេសចរណ៍របស់កម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ (រូបភាព៖ ក្រសួងទេសចរណ៍) 

ទីក្រុងធានជីង៖ សហគ្រាសទេសចរណ៍ធំៗ ពីរដ្ឋធានីប៉េកាំង និងទីក្រុងធានជីង ចំនួន១០ ចាប់អារម្មណ៍លើសក្តានុពលទេសចរណ៍របស់កម្ពុជា ដែលក្នុងនោះភាគីទាំងពីរបានឯកភាពជំរុញការរៀបចំកញ្ចប់ទស្សនកិច្ចបន្ថែមឱ្យកាន់តែច្រើនទៅកាន់កម្ពុជា និងការភ្ជាប់ជើងហោះហើរត្រង់រវាងក្រុងធានជីង រាជធានីភ្នំពេញ និងខេត្តសៀមរាប ជាដើម។ ចំណាប់អារម្មណ៍នេះ ត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងារជាមួយលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅទីក្រុងធានជីង សាធារណរដ្ឋប្រជាមានិតចិន នាល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥។

នាឱកាសនេះ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ពីការធានាលើសុខសុវត្ថិភាពជូនភ្ញៀវទេសចរអន្តរជាតិដែលផ្តល់ជូនដោយរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបង្ហាញពីសក្ដានុពលទេសចរណ៍កម្ពុជាដល់ប្រធានសហគ្រាសទេសចរណ៍ ជាពិសេសគោលដៅទេសចរណ៍ និងផលិតផលទេសចរណ៍សំបូរបែប បដិសណ្ឋារកិច្ចដ៏រួសរាយ និងរាក់ទាក់របស់ប្រជាជនខ្មែរ ម្ហូបអាហារដ៏ឆ្ងាញ់ពិសា និងមានគ្រប់ជម្រើស។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក៏បានលើកឡើងពីឱកាសមាសសម្រាប់វិនិយោគក្នុងវិស័យទេសចរណ៍កម្ពុជា ដោយហេតុថាជាទីផ្សារដែលមានសក្តានុពល (Emerging Market) និងវិស័យដែលមានសក្តានុពលនានា ដើម្បីទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនពីរដ្ឋធានីប៉េកាំង និងក្រុងធានជីង មកទស្សនា និងវិនិយោគនៅប្រទេសកម្ពុជា ជាមួយនឹងយន្តការលើកទឹកចិត្តនានា និងការផ្តល់អាទិភាពរបស់រាជរដ្ឋាភិបាល និងស្របតាមស្មារតីនៃ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥» ដែលបានគាំទ្រដោយប្រមុខថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ។

ភាគីកម្ពុជា និងភាគីសហគ្រាសចិន បានឯកភាពជំរុញការរៀបចំកញ្ចប់ទស្សនកិច្ចបន្ថែមឱ្យកាន់តែច្រើនទៅកាន់កម្ពុជា, ការភ្ជាប់ជើងហោះហើរត្រង់រវាងក្រុងធានជីង រាជធានីភ្នំពេញ និងខេត្តសៀមរាប, ការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ឱ្យបានទូលំទូលាយ និងព័ត៌មានពិតពីកត្តាសុខសុវត្ថិភាព ប្រឆាំងព័ត៌មានក្លែងក្លាយ ជាពិសេសគឺបានព្រមព្រៀងសហការរៀបចំ FAM Trip មកទស្សនាស្វែងយល់ពីសក្តានុពលទេសចរណ៍ និងវិនិយោគនៅកម្ពុជា និងការសហការរៀបចំព្រឹត្តិការណ៍ទេសចរណ៍រួមគ្នានាឆ្នាំ២០២៥ ក្នុងក្របខណ្ឌនៃ “ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥”៕


Khcct banner

អត្ថបទទាក់ទង