681 ezgif.com resize
Swift cc time

ការធ្វើកោសល្យវិច័យរកឃើញថាការស្លាប់របស់ដំរី«ឡាក់គី»គឺដោយសារជំងឺខ្ទុះក្នុងស្បូន (Pyometra)

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

តាកែវ៖ យោងតាមលទ្ធផលនៃការធ្វើកោសល្យវិច័យ និងការធ្វើតេស្តសំណាកបញ្ជាក់ដោយវិទ្យាស្ថានប៉ាស្ទ័រ ការស្លាប់របស់ដំរី «ឡាក់គី» កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ គឺបណ្តាលមកពីជំងឺខ្ទុះក្នុងស្បូន (Pyometra)។នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម”ភ្នំតាម៉ៅ”។

យោងតាមប្រភពដដែល បានគូសបញ្ជាក់ថា ជំងឺនេះកើតឡើងលើដំរីញីក្នុងវដ្តរដូវត្រៀមបន្តពូជ ដោយការប្រែប្រួលកម្រិតអ័រម៉ូនប្រូហ្សេស្តេរ៉ូន (Progesterone) និង កម្រាស់ស្រទាប់ស្បូន បង្កើតជាមជ្ឈដ្ឋានងាយឆ្លងពពួកបាក់តេរី Escherichia coli (E.coli) ឬបាក់តេរី Enterococcus faecium (E. faecium) ដែលជ្រៀតចូលតាមមាត់ស្បូនទៅក្នុងតួស្បូន រួចលូតលាស់បង្កជាខ្ទុះក្នុងស្បូន និងរលាកធ្ងន់ធ្ងររហូតធ្វើឱ្យបាក់តេរីឆ្លងចូលក្នុងចរន្តឈាម។

ជាមួយគ្នានេះពពួកបាក់តេរី E.coli និង E. faecium ដែលរកឃើញក្នុងស្បូនរបស់«ឡាក់គី»មានភាពស៊ាំខ្លាំងទៅនឹងថ្នាំអង់ទីប៊ីយ៉ូទិក(ថ្នាំផ្សះ) ដូចជា Amoxicillin/Clavul, Gentamicin, Ciprofloxacin និងថ្នាំអង់ទីប៊ីយ៉ូទិក ១០មុខផ្សេងទៀត។

បើតាមសេចក្តីជូនដំណឹង ស្ថានភាពរបស់ឡាក់គីពិបាកជួយសង្គ្រោះ ដោយសារតែថ្នាំអង់ទីប៊ីយ៉ូទិកមិនអាចជ្រាបចូលទៅក្នុងស្បូនបានពេញលេញ ដើម្បីកម្ចាត់ក្រុមបាក់តេរីខាងលើដែលមានភាពស៊ាំនឹងថ្នាំយ៉ាងខ្លាំង។ ជាទូទៅ វិធីសាស្ត្រព្យាបាលតែមួយគត់ដែលមានប្រសិទ្ធភាពគឺការវះកាត់យកស្បូនចេញ ប៉ុន្តែការវះកាត់បែបនេះគឺអាចអនុវត្តបានតែលើសត្វតូចៗដូចជាឆ្កែ ឬឆ្មាតែប៉ុណ្ណោះ។ ចំពោះការវះកាត់លើសត្វដំរីវិញ គឺមានភាពស្មុគស្មាញខ្លាំង ហើយឱកាសនៃភាពជោគជ័យមានកម្រិតទាបបំផុត៕

Khcct banner

អត្ថបទទាក់ទង