ភ្នំពេញ៖ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ត្រូវបានទស្សនាវដ្តីអន្តរជាតិ Global Finance ផ្តល់ចំណាត់ថ្នាក់ A- ដែលបញ្ជាក់ពីការដឹកនាំធនាគារកណ្តាលប្រកបដោយប្រសិទ្ធភាពប្រចាំឆ្នាំ២០២៥។ ជាចំណាត់ថ្នាក់ល្អដែលទទួលបានពីរឆ្នាំជាប់គ្នា បន្ទាប់ពីតែងតាំងជា ទេសាភិបាល ធនាគារជាតិនៃកម្ពុជា កាលពីខែកក្កដា ឆ្នាំ២០២៣។
យោងតាមធនាគារជាតិនៃកម្ពុជា ចំណាត់ថ្នាក់លំដាប់ខ្ពស់របស់លោកស្រីបណ្ឌិត ជា សិរី នាពេលនេះក៏ទទួលបានទន្ទឹមគ្នានឹងឥស្សរជនជាថ្នាក់ដឹកនាំល្បីៗក្នុងវិស័យហិរញ្ញវត្ថុលើពិភពលោកដូចជា លោកស្រី Christine Lagarde ប្រធានធនាគារកណ្តាលអឺរ៉ុប លោក Eli Remolona ទេសាភិបាលធនាគារកណ្តាលហ្វីលីពីន និង លោក Chia Der Jiun នាយកគ្រប់គ្រងអាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) ។
គួររំលេចថា Global Finance បានផ្តល់ចំណាត់ថ្នាក់នេះ ដោយជ្រើសចេញពីក្នុងចំណោមថ្នាក់ដឹកនាំធនាគារកណ្តាលប្រមាណ ១០០ ប្រទេស តាមរយៈការពិនិត្យលើប្រសិទ្ធភាពនៃការអនុវត្តនយោបាយរូបិយវត្ថុក្នុងការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច រក្សាស្ថិរភាពរូបិយវត្ថុ គ្រប់គ្រងអតិផរណា និងអត្រាប្តូរប្រាក់។ ក្នុងនោះមានតែឥស្សរជនដែលត្រូវបានផ្តល់ចំណាត់ថ្នាក់ A-, A, និង A+ ប៉ុណ្ណោះដែលត្រូវបាន Global Finance រាយនាមក្នុងបញ្ជីចំណាត់ថ្នាក់កិត្តិយសនេះ។