ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ៣០ សីហានេះ បានជួបជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង ដើម្បីជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ជាលទ្ធផលនៃជំនួបនោះ មេដឹកនាំចិនបានផ្តល់សារៈសំខាន់ក្នុងការជម្រុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរអោយកាន់តែរឹងមាំ នឹងបន្តផ្តល់ការសហការគាំទ្រកម្ពុជា ក្នុងការកសាង និងពង្រឹងសមត្ថភាពអភិវឌ្ឍន៍ ដោយម្ចាស់ការខ្លួនឯង ក៏ដូចជាការការពារអធិបតេយ្យភាពជាតិរបស់ខ្លួន។
ដូចការគ្រោងទុកនៅថ្ងៃទី ៣០ សីហានេះ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង ដើម្បីពិភាក្សាអំពីការពង្រឹង និង ធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និង កិច្ចសហប្រតិបត្តិការ ឈ្នះ ឈ្នះ រវាងប្រទេសទាំងពីរ។
ក្នុងជួបពិភាក្សាការងារនោះ លោក ស៊ី ជីនពីង ប្រកាសបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរកម្ពុជា-ចិន និង ផ្តល់សារៈសំខាន់ក្នុងការជម្រុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរអោយកាន់តែរឹងមាំ ហើយចិននឹងបន្តផ្តល់ការសហការគាំទ្រកម្ពុជា ក្នុងការកសាង និងពង្រឹងសមត្ថភាពអភិវឌ្ឍន៍ ដោយម្ចាស់ការខ្លួនឯង ក៏ដូចជាការការពារអធិបតេយ្យភាពជាតិរបស់ខ្លួន។នេះបើយោងតាមសម្តេច ហ៊ុន ម៉ាណែត។
បើតាមសម្តេច មេដឹកនាំចិន ប្រកាសជាថ្មីថាចិនគាំទ្រដល់បទឈប់បាញ់រវាងកងទ័ពកម្ពុជានិងថៃ ក៏ដូចជាគាំទ្រដល់យន្តការសង្កេតការណ៍បទឈប់បាញ់របស់អាស៊ានដែលដឹកនាំដោយម៉ាឡេស៊ី និងចង់អោយបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) អោយបានឆាប់៕