ភ្នំពេញ៖សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ៣០ សីហានេះ បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអង្គការកិច្ចសហប្រតិបត្តិការសៀងហៃបូក នៅទីក្រុងធានជីន ប្រទេសចិន។ក្នុងដំណើរទស្សនកិច្ចនោះ សម្តេច ហ៊ុន ម៉ាណែត នឹងជួបជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង ដើម្បីជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ថា ក្នុងដំណើរអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូក ដែលប្រព្រឹត្តទៅពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងធានជីន សាធារណរដ្ឋ ប្រជាមានិតចិន គឺធ្វើឡើងតបតាមការអញ្ជើញរបស់លោក ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន។
បើតាមក្រសួងក្នុងពេលសម្តេចមានវត្តមានក្នុងប្រទេសចិន សម្តេច ហ៊ុន ម៉ាណែត នឹងមានជំនួបពិភាក្សាការងារទ្វេភាគីជាមួយលោក ស៊ី ជីនពីង ប្រធានាធិបតីចិន ដើម្បីពិភាក្សាអំពីការពង្រឹង និងធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និង កិច្ចសហប្រតិបត្តិការ ឈ្នះ ឈ្នះ រវាងប្រទេសទាំងពីរ។ក្រៅពីនេះ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏នឹងមានជំនួបជាមួយមេដឹកនាំបរទេសមួយចំនួនទៀតផងដែរ៕