ព្រះវិហារ៖ លោក ហេង រតនា អគ្គនាយកអង្គភាពស៉ីម៉ាក់ បានលើកឡើងថា ទីតាំងដែលរងផលប៉ះពាល់ដោយគ្រាប់បែកទម្លាក់ពីលើយន្តហោះនៅភូមិផ្អុង សង្កាត់កូនក្រៀល ក្រុងសំរោង និងទីតាំងដែលរងផលប៉ះពាល់ដោយគ្រាប់បែក MK-84 នៅក្នុងភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ធ្វើឲ្យរងការខូចខាតលើមណ្ឌលសុខភាពតាមាន់សែនជ័យ ស្ថានីយប្រេងឥន្ធនៈ វត្តប្រសាទតាមាន់សែនជ័យ សាលាបឋមសិក្សាតាមន្តសែនជ័យ ត្រូវរងគ្រោះក្នុងជម្លោះព្រំដែនជាមួយថៃ។
ការលើកឡើងនេះ ធ្វើឡើងក្នុងដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មានមកពីតំបន់អាស៉ី លើទឹកដីខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ដោយមានការទទួលស្វាគមន៍ពីលោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ, និងលោក ហេង រតនា អគ្គនាយកអង្គភាពស៉ីម៉ាក់ ព្រមទាំងអាជ្ញាធរមូលដ្ឋានជាច្រើនរូបទៀត។
ពិនិត្យស្ថានភាពជាក់ស្តែងនៅទីតាំងភូមិផ្អុង សង្កាត់កូនក្រៀល ក្រុងសំរោង ជាកន្លែងគ្រាប់កាំភ្លើងធំប្រភេទ ១០៥មីលីម៉ែត្រ ១២៧មីលីម៉ែត្រ និង១៥៥មីលីម៉ែត្រ ត្រូវបានកងទ័ពថៃផ្លោងដាក់ភូមិឋានប្រជាពលរដ្ឋស៉ីវិល និងទីតាំងគ្រាប់បែក MK-84 ទម្ងន់ជាង១តោន ដែលកងទ័ពថៃទម្លាក់ពីលើយន្តហោះចម្បាំង F-16 លើផ្ទះប្រជាពលរដ្ឋ ក្នុងភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល។
នាឱកាសនោះ លោក ហេង រតនា បានបង្ហាញពីគ្រោះថ្នាក់ និងផលប៉ះពាល់បណ្តាលមកពីគ្រាប់បែកធុនធំរបស់កងទ័ពថៃ ដែលបានផ្លោងដាក់លំនៅឋានរបស់ប្រជាជនដល់អ្នកសារព័ត៌មានមកពីតំបន់អាស៉ី និងផែនការសកម្មភាពបោសសម្អាត និងបន្សាបគ្រាប់បែកធុនធំដែលមានបង្កប់ដោយផ្សែងពុលធ្វើឱ្យប៉ះពាល់សុខភាពយ៉ាងធ្ងន់ធ្ងររបស់ប្រជាពលរដ្ឋផងដែរ៕