ភ្នំពេញ៖ ក្រុមការងារអភិរក្សសត្វក្រៀលនៅកម្ពុជា បានកត់ត្រាចំនួនសត្វក្រៀលសរុប២១៤ក្បាល នៅក្នុងប្រទេសកម្ពុជា ដែលជាចំនួនខ្ពស់បំផុត បើគិតពីឆ្នាំ២០២០មក ដោយមានការកើនឡើងប្រមាណជា២០% បើធៀបនឹងលទ្ធផលឆ្នាំ២០២៤ និងកើនដល់៣៧% បើធៀបនឹងលទ្ធផលឆ្នាំ២០២២។
ការធ្វើជំរឿនសត្វក្រៀល បានធ្វើឡើងជារៀងរាល់ឆ្នាំ នៅគ្រប់ទីតាំងសំខាន់ៗក្នុងប្រទេសកម្ពុជា និងប្រទេសវៀតណាម ចាប់តាំងពីឆ្នាំ២០០០មក ដែលការធ្វើជំរឿននេះ បានផ្តល់នូវទិន្នន័យយ៉ាងសំខាន់អំពីស្ថានភាពប្រជាសាស្ត្រនៃប្រភេទសត្វដ៏កម្រនេះ និងកត្តាគំរាមកំហែងរបស់ពួកវា នៅក្នុងតំបន់អាងទន្លេមេគង្គក្រោម។
ការធ្វើជំរឿនសត្វក្រៀល នៅឆ្នាំ២០២៥នេះ ក្រុមការងារបានកត់ត្រាចំនួនសត្វក្រៀលសរុប២១៤ក្បាល នៅក្នុងប្រទេសកម្ពុជា ដែលជាចំនួនខ្ពស់បំផុត បើគិតពីឆ្នាំ២០២០មក ដោយមានការកើនឡើងប្រមាណជា២០% បើធៀបនឹងលទ្ធផលឆ្នាំ២០២៤ និងកើនដល់៣៧% បើធៀបនឹងលទ្ធផលឆ្នាំ២០២២។
ចំនួនសត្វក្រៀលដែលមានវត្តមាននៅតំបន់អាងទន្លេមេគង្គក្រោម មានការថយចុះគួរឱ្យព្រួយបារម្ភ ក្នុងអំឡុងទសវត្សចុងក្រោយនេះ ដោយលទ្ធផលជំរឿនប្រចាំឆ្នាំបានធ្លាក់ចុះពី៨៦៩ក្បាល ក្នុងឆ្នាំ២០១១ មកនៅត្រឹម១៥៦ក្បាល ក្នុងឆ្នាំ២០២២។ ដោយឡែកចាប់តាំងពីឆ្នាំ២០២២ សត្វក្រៀលបានចាប់ផ្តើមកើនឡើងវិញ។
គូរបញ្ជាក់ថា ការរាប់ចំនួនសត្វក្រៀលត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ចាប់ពីខែធ្នូ ដល់ខែឧសភា នៅក្នុង ទីតាំងសំខាន់ៗចំនួន១៣ ក្នុងប្រទេសកម្ពុជា និងប្រទេសវៀតណាម ដោយមានការសម្របសម្រួលពីក្រុមការងារអភិរក្សសត្វក្រៀលនៅកម្ពុជា(CSCWG)៕