ភ្នំពេញ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ស្នើដល់វិទ្យាស្ថានសិទ្ធិមនុស្សស៊ុយអ៊ែត ឱ្យពិនិត្យមើលឡើងវិញអំពីកិច្ចព្រមព្រៀងលក់យន្ដហោះចម្បាំង Gripen ដល់ប្រទេសថៃ។ សំណើនេះធ្វើឡើងដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ធ្លាប់បានកត់សម្គាល់ឃើញថា ស៊ុយអ៊ែត ជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលតែងតែយកចិត្តទុកដាក់ខ្ពស់ និងជាគំរូផ្នែកសិទ្ធិមនុស្ស និងសន្ដិភាពក្នុងពិភពលោក។
ប៉ុន្ដែគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មើលឃើញថា ការឈានទៅដល់កិច្ចព្រមព្រៀងលក់យន្ដហោះចម្បាំងឱ្យប្រទេសថៃ ក្នុងកាលៈទេសៈដែលកំពុងមានបញ្ហាព្រំដែនជាមួយកម្ពុជានាពេលនេះ គឺជាកាយវិការមួយមិនសមស្រប និងអាចបង្កឱ្យមានហានិភ័យនិងគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរឡើងចំពោះប្រជាពលរដ្ឋស្លូតត្រង់ និងបូរណភាពទឹកដីរបស់ប្រទេសកម្ពុជា ព្រមទាំងផ្ទុយនឹងស្មារតីនៃធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់មនុស្សធម៌អន្តរជាតិ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ ជាដើម។
ផ្អែកលើកមូលដ្ឋានទាំងនេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានស្នើដល់វិទ្យាស្ថានសិទ្ធិមនុស្សស៊ុយអ៊ែត ឱ្យជំទាស់ដាច់ខាតនឹងកិច្ចព្រមព្រៀងលក់យន្ដហោះចម្បាំងទៅឱ្យថៃក្នុងកាលៈទេសៈនេះ, ជំរុញដល់រាជរដ្ឋាភិបាលស៊ុយអែត ឱ្យពិនិត្យមើលកិច្ចព្រមព្រៀងនេះឡើងវិញ ដោយផ្អែកលើការវាយតម្លៃពីហានិភ័យផ្នែកសិទ្ធិមនុស្ស, និងគាំទ្ររាល់យន្ដការដោះស្រាយវិវាទដោយសន្ដិវិធី ជាជាងបង្កើនភាពតានតឹងផ្នែកយោធា៕