681 ezgif.com resize
Swift cc time

ទីភ្នាក់ងារអាល្លឺម៉ង់ GIZ ផ្ដល់ឧបករណ៍បច្ចេកទេស៤៥គ្រឿងដល់ក្រសួងការងារ ដើម្បីត្រួតពិនិត្យសុវត្ថិភាព និងសុខភាពការងារ (OSH)

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការបច្ចេកទេស(GIZ) តាមរយៈគម្រោង GIZ FABRIC Cambodia បានប្រគល់ឧបករណ៍បច្ចេកទេសចំនួន ៤៥គ្រឿង ជូនក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់មន្រ្តីអធិការកិច្ចការងារប្រើប្រាស់ ដើម្បីអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ ពេលចុះធ្វើអធិការកិច្ចការងារពាក់ព័ន្ធនឹងអនុលោមភាពនៃលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ(OSH) នៅតាមសហគ្រាស និងគ្រឹះស្ថាន។

ពិធីប្រគល់ និងទទួលនេះ បានប្រព្រឹត្តកាលពីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ក្រោមអធិបតីភាពលោក សោម ចំណាន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្ត្រីអធិការកិច្ចផ្នែកសុវត្ថិភាព និងសុខភាពការងារនៃនាយកដ្ឋានពេទ្យការងារ លោក Anwer Hasso នាយកគម្រោង GIZ FABRIC Cambodia និងក្រុមការងារសម្របសម្រួលនៃគម្រោង GIZ FABRIC Cambodia។

លោក សោម ចំណាន បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះគម្រោង GIZ FABRIC Cambodia ដែលបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ទទួលបាននូវវឌ្ឍនភាព និងសមិទ្ធិផលជាច្រើន ដែលបាននិងកំពុងរួមចំណែកដល់ការពង្រឹងប្រព័ន្ធអធិការកិច្ចការងារនៅប្រទេសកម្ពុជាឱ្យកាន់តែមានសមត្ថភាព តម្លាភាព ប្រសិទ្ធភាព និងទទួលបានការជឿជាក់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

ឧបករណ៍បច្ចេកទេសនេះ ពិតជាមានសារ:សំខាន់ចាំបាច់ ដើម្បីពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យការងារ ជាពិសេសការធ្វើឱ្យប្រសើរឡើងនូវអនុលោមភាពលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងាររបស់បងប្អូនកម្មករនិយោជិត។

គួរបញ្ជាក់ថា ឧបករណ៍បច្ចេកទេសដែលគម្រោង GIZ FABRIC Cambodia បានប្រគល់ជូនរួមមាន ឧបករណ៍វាស់កម្រិតសំឡេង (Sound Level Meter and calibrator), ឧបករណ៍វាស់កម្រិតសំឡេងរំខាន (Personal Noise Dosimeter and calibrator), ឧបករណ៍វាស់កម្រិតពន្លឺ (Lux meter), ឧបករណ៍វាស់បរិយាការណ៍កម្តៅ (Heat index WBGT meter), ឧបករណ៍កំណត់សញ្ញាណឧស្ម័នពុលក្នុងបរិយាកាស (Gas Detector) និងឧបករណ៍ចាប់យកសារធាតុគ្រោះថ្នាក់នៅក្នុងខ្យល់ (Personal Air Sampling Pump)៕


Khcct banner

អត្ថបទទាក់ទង