ភ្នំពេញ៖ ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានផ្ញើលិខិតថ្លែងអំណរគុណជូនសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះការស្នើរូបលោក សម្រាប់ពានរង្វាន់ណូបែលសន្តិភាព។ក្នុងលិខិតនោះ លោកត្រាំ ចាត់ទុកសម្តេច ហ៊ុន ម៉ាណែត ជាថ្នាក់ដឹកនាំដ៏ឆ្នើមផ្តល់តម្លៃលើជីវិតមនុស្ស និងស្រឡាញ់សន្តិភាព។
យោងតាមលិខិត លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ថា លោកពិតជាមានកិត្តិយសក្រៃលែង ដែលបានសន្ទនាជាមួយសម្តេច ហ៊ុន ម៉ាណែត ដើម្បីរួមចំណែកបញ្ចប់ជម្លោះប្រដាប់អាវុធ ជាមួយប្រទេសថៃ។លោកចាត់ទុក ប្រទេសកម្ពុជាមានប្រវត្តិសាស្ត្រ និង វប្បធម៌ដ៏យូរអង្វែង និងសម្បូណ៌បែប ហើយជឿជាក់ថា សម្តេចជាថ្នាក់ដឹកនាំដ៏ឆ្នើមមួយរូប ដែលផ្តល់តម្លៃលើជីវិតមនុស្ស និង ស្រឡាញ់ សន្តិភាព។
បើតាមលោកត្រាំ លោកមានមោទនភាព ដែលបានចូលរួមជាផ្នែកមួយនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលបានបញ្ចប់នូវសោកនាដកម្មនៃជម្លោះប្រដាប់អាវុធ និង បានសង្គ្រោះជីវិតមនុស្សរាប់ពាន់នាក់។លោកថា ចាប់ពីពេលនេះតទៅ កម្ពុជា-អាម៉េរិក អាចផ្តោតការយកចិត្តទុកដាក់ ជាមួយគ្នាលើការកសាងវិបុលភាព សម្រាប់ ប្រជាជាតិដ៏អស្ចារ្យរបស់យើងទាំងពីរ។
គួរបញ្ជាក់ថា សម្តេច ហ៊ុន ម៉ាណែត បានផ្ញើលិខិតជាផ្លូវការទៅគណៈកម្មការពានរង្វាន់ណូបែលសន្តិភាព ដើម្បីគាំទ្របេក្ខភាពប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ(Donald Trump) សម្រាប់ពានរង្វាន់ណូបែលសន្តិភាព។ តាមរយៈសំណេរនៅទំព័រហ្វេសប៊ុកនៅយប់ថ្ងៃទី៧សីហានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាគូសបញ្ជាក់ថា ការគាំទ្រលោកត្រាំនេះ គឺស្របតាមសំណូមពររបស់ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស និងដើម្បីជាការថ្លែងអំណរគុណចំពោះលោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានយកចិត្តទុកដាក់ដោយផ្ទាល់ ក្នុងការផ្ដួចផ្ដើមនិងជំរុញឱ្យមានបទឈប់បាញ់គ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃ និងបន្តតាមដានការអនុវត្តបទឈប់បាញ់រហូតដល់មានសន្តិភាពពេញលេញរវាងប្រទេសទាំងពីរ៕