ភ្នំពេញ៖ នេះគឺជារូបភាពថតជុំគ្នារវាងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាជាមួយមន្ត្រីជាន់ខ្ពស់ជាច្រើនរូប ក្រោយប្រកាសអនុវត្តបទឈប់បាញ់ នៅថ្ងៃទី ២៨ កក្កដា ឆ្នាំ២០២៥។រូបភាពមួយសន្លឹក បង្កប់នូវអត្ថន័យតាមរយៈស្នាមញញឹមនៃក្រុមការងាររាជរដ្ឋាភិបាលបន្តវេនដែលអាចទទួលបានជោគជ័យយ៉ាងឆាប់រហ័ស ដើម្បីបញ្ចប់«សង្គ្រាមឈ្លានពាន៥ថ្ងៃ»របស់ថៃ ក្រោមយុទ្ធសាស្ត្រទូតដ៏មុតស្រួច។
ក្រឡេកមើលក្រោយបន្ទិចថា ជំហរកម្ពុជាតាំងពីដើមរៀងមក គឺអំណត់អត់ធ្មត់ជាខ្លាំង មិនចង់ឃើញឡើយការផ្ទុះអាវុធបង្កើតជាសង្គ្រាមបង្កជាគ្រោះមហន្តរាយច្រើនរាប់មិនអស់។ម្លោះហើយបានជាម្តងហើយម្តងទៀត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដាក់គោលដៅដ៏ធំជាងគេ គឺប្រឹងប្រែង ដើម្បីបញ្ជៀសសង្គ្រាម។
និយាយបែបនេះ មិនមែនមានន័យកម្ពុជាមិនចង់ធ្វើសង្គ្រាមនោះទេ។កម្ពុជាធ្លាប់ហែលឆ្លងភ្លើងសង្គ្រាមរាប់រយឆ្នាំមកហើយ ដូច្នេះថ្នាក់ដឹកនាំកម្ពុជា គឺស្គាល់ច្បាស់ពីយុទ្ធសាស្ត្រសង្គ្រាម។ឥឡូវសំណួរសួរថា តើពេលនេះកម្ពុជាចាំបាច់ទម្លាក់អាវុធការទូត ហើយប្តូរទៅធ្វើសង្គ្រាមឡើងវិញដែរទេ ខណៈបទឈប់បាញ់កំពុងអនុវត្ត និងកំពុងធ្វើរបាយការណ៍?
ជនរួមជាតិជាទីគោរពស្រឡាញ់ យើងទាំងអស់គ្នាប្រាកដជាបានដឹងច្បាស់ពីដំណើរនៃការអភិវឌ្ឍនៃមាតុភូមិក៏កំសត់មួយនេះ។ប្រជាជាតិយើងចេញពីសង្គ្រាមស៊ីវិលនៃសម័យខ្មែរក្រហមសេសសល់ប្រជាជនប្រហែលជា៥លាននាក់ប៉ុណ្ណោះ ហើយ៥លាននាក់នេះទៀតសោត គឺក្បាលធំជាងខ្លួនរស់នៅក្នុងហេដ្ឋារចនាសម្ព័ន្ធក្នុងផ្ទៃប្រទេសខ្ចេចខ្ចីដោយភ្លើងសង្គ្រាម។
ពីឆ្នាំ១៩៩៨មក កម្ពុជាទទួលស្គាល់នូវសន្តិភាព បើកឱកាសឱ្យមានការអភិវឌ្ឍមកដល់សព្វថ្ងៃ។គោលដៅធំរបស់កម្ពុជា គឺបន្តអភិវឌ្ឍប្រទេសឱ្យកាន់តែខ្លាំងឡើងវិញគ្រប់វិស័យ គ្មានបំណងចង់ឈ្លានពានយកទឹកដីពីប្រទេសជិតខាងកម្ពុជា បើទោះបីជាដឹងថាជាអតីតទឹកដីរបស់យើងក្តី។«សង្គ្រាម៥ថ្ងៃ»ជាង១ខែមកនេះ គឺកម្ពុជាបង្ខំចិត្តត្រូវតែកាន់អាវុធប្រឆាំងការឈ្លានពានពីថៃ ដើម្បីការពារទឹកដីដែលសេសសល់ប៉ុណ្ណោះ។
បច្ចុប្បន្ននេះ«សង្គ្រាម៥ថ្ងៃ»ចប់ហើយ តែការស្រេកឃ្លានឈ្លានពានពីថៃមកលើកម្ពុជាមិនទាន់ចប់ទេ។ផែនការថៃ គឺចង់វាយសង្គ្រុបយ៉ាងកំរោលមកលើកម្ពុជាដោយសំអាងលើ សម្ភាវុធទំនើបៗ និងចំនួនកងទ័ពច្រើនជាងកម្ពុជា។តែផែនការនេះ បរាជ័យដោយសារកងទ័ពដ៏អង់អាចក្លាហានកម្ពុជាទប់ជាប់។
ឥឡូវ«បទឈប់បាញ់»ផ្តួចផ្តើមដោយ អាម៉េរិក ចិន អាស៊ាន ជាខែលរារាំងមហិច្ឆតាឈ្លានពានរបស់ថៃ ហើយបង្កើតបានជា«សង្គ្រាមការទូត»ជាភាពខ្លាំងរបស់កម្ពុជាដែលខិតខំប្រឹងប្រែងសន្សំសំចៃតាំងពីថ្នាក់ដឹកនាំជំនាន់ចាស់ តាមរយៈបញ្ចូនកម្ពុជាទៅក្នុងសមគមអន្តរជាតិដោយមានការទទួលស្គាល់ និង កោតសរសើរជាច្រើនឆ្នាំមក។នេះ អាចគឺជាអត្ថន័យនៃស្នាមញញឹមនៃរូបភាពមួយសន្លឹកនេះ៕