681 ezgif.com resize
Swift cc time

ជប៉ុនចាត់ទុកទំនាក់ទំនងល្អរវាងកម្ពុជា-ថៃមានសារៈសំខាន់ខ្លាំងសម្រាប់សន្តិភាព ស្ថិរភាព និងការតភ្ជាប់ក្នុងតំបន់

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ដូចការគ្រងទុក ឯកអគ្គរាជទូត សឺហ្សឺគី ហ៊ីដេអូ នៃកិច្ចសហប្រតិបត្តិការមេគង្គ នៅថ្ងៃទី ២៧ ខែសីហា បានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា។ក្នុងទស្សនកិច្ចនោះ លោកបានជួបជាមួយ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ,  នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ និង លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ហើយទទួលបាននូវការពន្យល់អំពីស្ថានភាពបច្ចុប្បន្ននៃព្រំដែនរវាងកម្ពុជា-ថៃ។

តាមប្រភពពីទូតជប៉ុន លោក សឺហ្សឺគី បានលើកទឹកចិត្តកម្ពុជា ដើម្បីធ្វើការបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសទាំងពីរ ព្រមទាំងជំរុញការអនុវត្តយ៉ាងប្រាកដប្រជានូវកិច្ចព្រមព្រៀងបទឈប់បាញ់ ដោយសង្កត់ធ្ងន់ថា ទំនាក់ទំនងល្អរវាងកម្ពុជា និង ថៃមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សន្តិភាព ស្ថិរភាព និងការតភ្ជាប់ក្នុងតំបន់ ហើយការបើកឱ្យមានដំណើរការដឹកជញ្ជូនតាមព្រំដែនក៏មានសារៈសំខាន់ផងដែរក្នុងការតភ្ជាប់តំបន់មេគង្គ។

លើសពីនេះ ឯកអគ្គរាជទូត សឺហ្សឺគីក៏បានបង្ហាញពីគោលបំណងរបស់ប្រទេសជប៉ុនក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងការទូត និងផ្តល់កិច្ចសហប្រតិបត្តិការតាមតែអាចធ្វើទៅបាន ដែលក្នុងនោះរួមទាំងការអនុវត្តជំនួយសង្គ្រោះបន្ទាន់(ឥតសំណង)ដែលបានដាក់ចេញនាពេលថ្មីៗនេះផងដែរ។

ចំណែកប្រភពពីក្រសួងការបរទេសកម្ពុជាវិញ បានអះអាងថា ភាគីទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះការរីកចម្រើនឥតឈប់ឈរនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗ រួមមានកិច្ចការនយោបាយ ពាណិជ្ជកម្ម ការវិនិយោគ ការពារជាតិ សន្តិសុខ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងការសម្អាតមីន។ ភាគីទាំងពីរក៏បានចែករំលែកព័ត៌មាន និងទស្សនៈ ជុំវិញការធានាការអនុវត្តបទឈប់បាញ់កម្ពុជា-ថៃឱ្យបានពេញលេញ និងមានប្រសិទ្ធភាព ក៏ដូចជាការបន្ថយភាពតានតឹង និងការស្តារសកម្មភាពសេដ្ឋកិច្ច តាមបណ្តោយព្រំដែន ដើម្បីឱ្យទំនាក់ទំនងកម្ពុជា-ថៃវិលទៅរកប្រក្រតីភាពវិញ។

បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅប្រទេសកម្ពុជា ឯកអគ្គរាជទូត សឺហ្សឺគី ក៏បានចាកចេញទៅប្រទេសថៃ ដើម្បីបន្តបំពេញទស្សនកិច្ចការងារ និងផ្លាស់ប្តូរទស្សនៈជាមួយភាគីពាក់ព័ន្ធ។

Khcct banner

អត្ថបទទាក់ទង