681 ezgif.com resize
Swift cc time

សភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជា ទទួលបានការគាំទ្រលើការបណ្តុះបណ្តាលជំនាញសហគ្រិនភាពនៅកម្រិតវិទ្យាល័យពីក្រសួងការងារ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ)

ភ្នំពេញ៖ សភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជា (JCI Cambodia) ទទួលបានការគាំទ្រលើការបណ្តុះបណ្តាលជំនាញសហគ្រិនភាពនៅកម្រិតវិទ្យាល័យពីក្រសួងការងារ និងបណ្តុះបណ្ដាលវិជ្ជាជីវៈ ដែលជាសមិទ្ធផលបញ្ជាក់ឱ្យឃើញថា ភាគីទាំងពីរនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នាក្នុងការអភិវឌ្ឍធនធានមនុស្សវ័យក្មេង ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា។

ការឯកភាពគាំទ្រខាងលើនេះ ត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងាររវាងលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជាមួយលោក សាំង តារារស្មី ប្រធានថ្នាក់ជាតិ និងថ្នាក់ដឹកនាំក្រុមប្រឹក្សាភិបាលនៃសភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជា នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥។

លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្ដាលវិជ្ជាជីវៈ បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះ JCI Cambodia ក្នុងការបន្តរួមចំណែកអភិវឌ្ឍន៍សង្គមកម្ពុជា ជាពិសេសផ្តល់សិទ្ធិអំណាចដល់យុវជន តាមរយៈការចូលរួមការងារសង្គម ការបណ្តុះបណ្តាលជំនាញសហគ្រិនភាព និងការអភិវឌ្ឍធនធានមនុស្ស ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា។

លើសពីនេះ លោករដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ដល់សភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជា ដែលមានបណ្ដាញក្រុមហ៊ុនច្រើនជាសមាជិកជួយផ្សព្វផ្សាយ និងបង្កើនឱកាសការងារជូនដល់បងប្អូនពលករខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃវិញ ហើយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានត្រៀមខ្លួនរួចជាស្រេចក្នុងការគាំទ្រ និងធ្វើការយ៉ាងជិតស្និទ្ធជាមួយ JCI Cambodia ក្នុងការអភិវឌ្ឍធនធានមនុស្សវ័យក្មេង ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា និងគាំទ្រដល់ការបោះជំហានទៅមុខនៃកិច្ចសហប្រតិបត្តិការ កាន់តែរឹងមាំង រវាងក្រសួង និង JCI Cambodia។

ជាការឆ្លើយតប លោក សាំង តារារស្មី ប្រធានថ្នាក់ជាតិ នៃសភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជា បានថ្លែង អំណរគុណចំពោះលោករដ្ឋមន្ត្រី ដែលផ្ដល់នូវការគាំទ្រលើកិច្ចសហប្រតិបត្តិការនានា ដើម្បីផ្ដល់ឱកាសឱ្យក្រុមការងាររបស់លោក បន្តបេសកកម្មរបស់ខ្លួន ក្នុងការចូលរួមចំណែកក្នុងការបណ្តុះបណ្តាលជំនាញសហគ្រិនភាពដោយផ្ដោតលើកម្រិតវិទ្យាល័យ ដើម្បីចូលរួមការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា សំដៅជួយលើកស្ទួយការផលិតផលក្នុងស្រុក និងបង្កើនឱកាសទទួលបានការងារ៕


Khcct banner

អត្ថបទទាក់ទង