ភ្នំពេញ៖ ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជាទីតាំងដែលក្រុមយោធាថៃ ព្យាយាម«រាយបន្លាលួស»ឈ្លានពានទឹកដីកម្ពុជា។ប៉ុន្តែការឈ្លានពាននេះ មិនជោគជ័យឡើយ ក្រោយមានកម្លាំងសាមគ្គីរបស់អ្នកស្រុកអូរបីជាន់។កម្លាំងសាមគ្គីនេះ បង្កើតបានជារូបភាពសកម្មភាព «អមនុស្សធម៌»មួយបំពានច្បាប់មនុស្សធម៌អន្តរជាតិ បង្កើតឡើងដោយភាគីថៃ តាមរយៈការប្រឈមមុខដាក់គ្នារវាង កងទ័ពថៃ ប្រដាប់ដោយអាវុធទល់ជាមួយជនស៊ីវិលកម្ពុជា។ក្រោយមួយថ្ងៃ ពោលគឺនៅថ្ងៃទី ២៦ សីហានេះ យោធាថៃប្រើយុទ្ធសាស្ត្ររុញពលរដ្ឋថៃជាជនស៊ីវិល ដើម្បីបង្កើតជាព្រឹត្តការណ៍ប្រឈមមុខជាមួយកងកម្លាំងកម្ពុជា តែហាក់មិនជោគជ័យដោយសារ កម្ពុជាដឹងមុន និង បញ្ជូនក្រុមអ្នកសង្កេតការណ៍អន្តរជាតិទៅដល់ទីតាំងភ្លាមៗ។
កម្លាំងមហាសាមគ្គីមួយបានកើតឡើង កាលពីថ្ងៃទី ២៥ សីហា ដោយប្រជាពលរដ្ឋ ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ រួមគ្នាចេញប្រឆាំងតវ៉ាការបន្តដាក់រាយបន្លាលួសពីក្រុមយោធាថៃ បំពានចូលដែនអធិបតេយ្យកម្ពុជា។ប្រជាពលរដ្ឋខ្មែរក្មេងចាស់ ប្រុសស្រី ដៃគ្មានអាវុធ គឺជាពលរដ្ឋជនស៊ីវិលសុទ្ធសាធ ចេញតតាំងប្រឆាំងការបន្តរាយបន្លលួសរបស់យោធាថៃ។
កម្លាំងសាមគ្គីដ៏អង់អាចក្លាហាននេះ បង្កើតបានជារូបភាពសកម្មភាព«ទង្វើអមនុស្សធម៌»ដើម្បីដាក់សម្ពាធទៅកាន់កងទ័ពថៃដៃកាន់អាវុធប្រឈមជាមួយជនស៊ីវិល បំពានបទឈប់បាញ់ បំពានកិច្ចព្រមព្រៀងគ្នា ជាពិសេស បំពានមូលដ្ឋានគ្រឹះនៃច្បាប់មនុស្សធម៌អន្តរជាតិ ការពារដោយធម្មនុញ្ញអង្គការសហប្រជាជាតិ។
ដោយសារមិនអាចតតាំងជាមួយជនស៊ីវិល ក្រោយមួយថ្ងៃ ពោលគឺនៅថ្ងៃទី ២៦ សីហានេះ យោធាថៃប្រើយុទ្ធសាស្ត្ររុញពលរដ្ឋថៃជាជនស៊ីវិល ដើម្បីបង្កើតជាព្រឹត្តការណ៍ប្រឈមមុខជាមួយកងកម្លាំងកម្ពុជា ដូចហេតុការណ៍ដែលបានកើតឡើងកាលពីម្សិលមិញ។តែហាក់មិនជោគជ័យដោយសារ កម្ពុជាដឹងមុន និង បញ្ជូនក្រុមអ្នកសង្កេតការណ៍អន្តរជាតិទៅដល់ទីតាំងភ្លាមៗដោយមិនរង់ចាំយូរ។
ជនស៊ីវិលថៃ បានត្រឹមតែឈរស្រែកក្នុងរបងមិនអាចបង្កើតរូបភាព ឬបាតុភាព អមនុស្សធម៌ណាមួយកើតឡើងនោះទេ។ផ្ទុយទៅវិញ យោធា និងជនស៊ីវិលថៃ កាន់តែបង្ហាញសកម្មភាពបំពាននៅចំពោះមុខក្រុមអ្នកសង្កេតការណ៍អន្តរជាតិ។
រីឯអាជ្ញាធរកម្ពុជាវិញ ទំនងជាដឹងមុនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីទប់ស្កាត់ចលនាសាមគ្គីរបស់អ្នកស្រុក អូរបីជាន់ កុំទៅតំបន់ដែលងាយធ្លាក់ចូលក្នុងអន្ទាក់សត្រូ។គេសង្កេតឃើញថា ខុសពីម្សិលមិញអាជ្ញាធរកម្ពុជា បានរឹងបន្តឹងការចេញ-ចូល និងការផ្សព្វផ្សាយនានាតំបន់ប្រឈមខ្លាំងជាងមុន ព្រមទាំងបានចាប់ខ្លួនអ្នកកាសែតម្នាក់ទៅតុលាការថែមទៀតផង។
លោក ប៉ាន់ខែម ប៊ុនថន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ បន្តឈរជើងប្រចាំការនៅតំបន់អូរបីជាន់ ជាប្រចាំជួយសម្របសម្រួលបងប្អូនប្រជាជន ដើម្បីកុំឲ្យមានការប៉ះទង្គិចគ្នារវាងប្រជាជនខ្មែរ និង ប្រជាជនថៃ។លោកបានប្រើប្រាស់ភាពបិនប្រសប់របស់លោក អមជាមួយកាយវិការទន់ភ្លន់ អាចពន្យល់អ្នកស្រុកអូរបីជាន់ កុំឱ្យធ្លាក់ចូលក្នុងអន្ទាក់សត្រូវបានជោគជ័យ។តែយ៉ាងណា អាជ្ញាធរនៅតែឈរជាប្រចាំនៅតំបន់នោះ៕