ភ្នំពេញ៖ ចាប់តាំងពីបទឈប់បាញ់ចូលជាធរមាននៅថ្ងៃទី ២៨ កក្កដា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេច ហ៊ុន ម៉ាណែត ហាក់បង្ហាញជំហរស្ងប់ស្ងាត់ អំណត់អត់ធ្មត់ខ្លាំង ទោះបីថៃតែងតែធ្វើសកម្មភាពបំពានបទឈប់បាញ់ឈ្លានពានជាបន្តបន្ទាប់លើកម្ពុជា តាមតំបន់ព្រំដែនមួយចំនួនក្តី។អត់ធ្មត់លើដី តែវិស័យការទូតកម្ពុជានៅតែបន្តដើរដោយដឹកនាំមន្ត្រីទូត និងក្រុមអ្នកសង្កេតការណ៍អន្តរជាតិ ចុះពិនិត្យព្រំដែនជាប្រចាំនៅតំបន់ណាដែលថៃបំពាន និង ឈ្លានពានលើកម្ពុជា។ហេតុអ្វីកម្ពុជារើសយកផ្លូវការទូត?
«សង្គ្រាម៥ថ្ងៃ»រវាង កងទ័ពកម្ពុជា-ថៃ បានបិទបញ្ចប់ បន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន ក្រោមគំនិតផ្តួចផ្តើមដោយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ មានសាក្សីពីចិន និងមានលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ីដែល ជាប្រធានអាស៊ានប្តូរវេនជាអ្នកសម្របសម្រួល។បទឈប់បាញ់ មិនមែនជាអ្វីដែលក្រុមយោធាថៃចង់បាននោះទេ។មិនចង់បាន គឺដោយហេតុថា សង្គ្រាម៥ថ្ងៃកន្លងទៅនេះ កងទ័ពថៃបាត់បង់ទាំងថវិកាអស់ជាច្រើន បាត់បង់ទីតាំងឈរជើង ហើយជម្លោះនយោបាយផ្ទៃក្នុងរបស់ខ្លួនមិនទាន់ដោះស្រាយចប់។
ខុសពីកម្ពុជា តាំងតែពីដើមដំបូង កម្ពុជាមិនជ្រើសរើសការធ្វើសឹកសង្គ្រាម ដើម្បីដោះស្រាយជម្លោះព្រំដែនជាមួយភាគីថៃនោះឡើយ។កម្ពុជាត្រូវការ សន្តិភាព កម្ពុជាត្រូវការ ការអភិវឌ្ឍសេដ្ឋកិច្ច ដូច្នេះការដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសជិតខាង គឺផ្អែកលើ ច្បាប់ជាតិ ច្បាប់អន្តរជាតិ និង កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រដែលបានឯកភាពគ្នា។ម្លោះហើយបានជា រាជរដ្ឋាភិបាលព្យាយាម ខាំមាត់សង្កត់ចិត្ត បន្តរក្សាភាពអត់ធ្មត់ ម្តងហើយម្តងទៀត ប៉ុន្តែវិស័យការទូតរបស់កម្ពុជា គឺបានធ្វើជាប្រចាំ។
បច្ចុប្បន្នសង្គ្រាម៥ថ្ងៃចប់មែន តែសង្គ្រាមចិត្តសាស្ត្រ និងការទូត កំពុងតែបន្ត។ភាគីថៃដឹងច្បាស់ថា មិនអាចយកឈ្នះកម្ពុជាលើ ផ្លូវច្បាប់ និងការទូត បានទេ ហើយជំហរនេះ ដូចកម្ពុជាដែរ គឺបានបង្ហាញាតាំងពីដំបូងនៅពេលកម្ពុជាបបួលថៃឡើង តុលាការយុត្តធម៌អន្តរជាតិ ICJ ។ចេតនាយោធាថៃ សំអាងខ្លួនជាប្រទេសធំ មានប្រជាជនប្រមាណជាង៧០លាននាក់ មានលុយទិញសម្ភាវុធធុនធ្ងន់ និងទំនើបៗ គឺចង់ប្រើប្រាស់កម្លាំងបាយវាយសង្កត់ឈ្លានពានទឹកដីកម្ពុជា ដោយអនុវត្តតាមច្បាប់ព្រៃនា សម័យសុខោទ័យ មិនខ្វល់ពីច្បាប់អន្តរជាតិ ឬច្បាប់មនុស្សធម៌អ្វីទាំងអស់។
ម្លោះហើយ ក្រុមយោធាថៃ បន្តបញ្ចេញសកម្មភាពដ៏គឃ្លើន ឥតញញើត បន្តឈ្លានពានមកលើកម្ពុជា តាមរយៈរាយបន្លាលួសតាមព្រំដែន គ្មានច្បាប់អន្តរជាតិទទួលស្គាល់ បង្កើតបានជាគំហឹងសម្រាប់ពលរដ្ឋកម្ពុជាមួយចំនួន ជាពិសេស ពលរដ្ឋនៅតំបន់ប៉ះពាល់ ហើយបន្តខឹងសម្បារហូតចំពោះជំហរ ស្ងប់ស្ងាត់ និង អត់ធ្មត់ របស់រាជរដ្ឋាភិបាល។សកម្មភាពនេះ ត្រូវបានខំចាក់រុកឆ្កៀលបន្ថែម ពីក្រុមអ្នកនយោបាយប្រឆាំងខ្មែរនៅក្រៅប្រទេស ហើយរាជរដ្ឋាភិបាលបន្តមានសម្ពាធបន្ថែមពីប្រជាជនខ្លួន។
តែយ៉ាងណាក្តី ការអនុវត្តតាមច្បាប់ មិនផ្តល់ផ្លែផ្តាលឿនដូចចិត្តប្រជាជនចង់បាននោះទេ។ភាពអំណត់ អត់ទ្រាំ របស់កម្ពុជា គឺចង់បង្ហាញទៅអន្តរជាតិថា កម្ពុជាអនុវត្តនូវបទឈប់បាញ់បានយ៉ាងពេញលេញ កម្ពុជាបន្តឈរលើផ្លូវសន្តិភាព រក្សាជំហរចរចាដោះស្រាយតាមច្បាប់អន្តរជាតិ និង កិច្ចព្រមព្រៀងគ្នារវាងកម្ពុជា-ថៃដូចជា MOU ឆ្នាំ 2000 និង សន្ធិសញ្ញា អនុសញ្ញាបារាំង-សៀម។
ភាពអំណត់អត់ធ្មត់របស់កម្ពុជា កាន់តែស្តែងឱ្យអន្តរជាតិបានឃើញកាន់តែច្បាស់ ពីចេតនាចង់ឈ្លានពានទឹកដីកម្ពុជា ពីភាគីថៃកាន់តែបង្ហាញទៅអន្តរជាតិឃើញពីធាតុពិតរបស់ថៃ បំពានបទឈប់បាញ់ ដែលមានអាម៉េរិក និងចិន ជាសាក្សី រំលោភច្បាប់អន្តរជាតិ បំពានច្បាប់មនុស្សធម៌អន្តរជាតិ ហើយជាពិសេស គឺគោលដៅទាញឱ្យភាគីថៃធ្លាក់ក្នុងសម្ពាធអន្តរជាតិ ដូចជំនាន់រឿងក្តីប្រាសាទព្រះវិហារ ឆ្នាំ១៩៦២៕