681 ezgif.com resize
Swift cc time

ធនាគារជាតិនៃកម្ពុជា និងធនាគាររដ្ឋវៀតណាម ឯកភាពជំរុញប្រសិទ្ធភាពនៃការតភ្ជាប់ប្រព័ន្ធទូទាត់ QR នៃប្រទេសទាំងពីរ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ធនាគារជាតិនៃកម្ពុជា)

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា និងធនាគាររដ្ឋវៀតណាម ឯកភាពជំរុញប្រសិទ្ធភាពនៃការតភ្ជាប់ប្រព័ន្ធទូទាត់ QR នៃប្រទេសទាំងពីរ ដែលជាការឆ្លុះបញ្ចាំងពីការលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិ (ប្រាក់រៀលខ្មែរនិងប្រាក់ដុងវៀតណាម) សម្រាប់ការទូទាត់ឆ្លងដែន នៃប្រជាជនក្នុងប្រទេសទាំងពីរ។ ការឯកភាពនេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំប្រចាំឆ្នាំ២០២៥ រវាងធនាគារកណ្ដាលទាំងពីរ នារសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥។

ក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំនៃធនាគារកណ្តាលទាំងពីរបានពិភាក្សាផ្លាស់ប្តូរយោបល់ពីស្ថានភាពសេដ្ឋកិច្ច នយោបាយរូបិយវត្ថុ ដំណើរការអភិវឌ្ឍន៍វិស័យធនាគារនៃប្រទេសទាំងពីរ និងបានឯកភាពលើកិច្ចសហប្រតិបត្តិការសម្រាប់ឆ្នាំ២០២៥-២០២៦ ដែលរួមមាន៖ ការបង្កើនវិសាលភាពនៃការទូទាត់ទ្វេភាគី តាមរយៈការជំរុញឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុកាន់តែច្រើនចូលរួម, ការលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិ (ប្រាក់រៀលខ្មែរនិងប្រាក់ដុងវៀតណាម) សម្រាប់ការទូទាត់ឆ្លងដែន នៃប្រជាជនក្នុងប្រទេសទាំងពីរ និងការលើកកម្ពស់តួនាទីរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃប្រទេសទាំងពីរ។

ធនាគារជាតិនៃកម្ពុជាក៏បានបញ្ជាក់ថា ថ្នាក់ដឹកនាំនៃធនាគារកណ្តាលទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចប្រជុំទ្វេភាគីសម្រាប់ឆ្នាំនេះ ដោយកិច្ចប្រជុំបានបញ្ចប់ទៅដោយភាតរភាព និងភាពស្និទ្ធស្នាលជាទីបំផុត។

លោកស្រី ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា

ជាមួយគ្នានេះ លោកស្រី ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍លើគណនីហ្វេសប៊ុកផ្លូវការថា នាឱកាសនេះ ធនាគារទាំងពីរបានចែករំលែកពីស្ថានភាពសេដ្ឋកិច្ចនិងវិស័យធនាគារឲ្យគ្នាទៅវិញទៅមក ពិភាក្សាជំរុញប្រសិទ្ធភាពនៃការតភ្ជាប់ប្រព័ន្ធទូទាត់ QR នៃប្រទេសទាំងពីរ។ ក្រៅពីនេះ លោកស្រី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ក៏បានជួបជាមួយធនាគារវៀតណាមចំនួន៥ ដែលធ្វើប្រតិបត្តិការនៅកម្ពុជា ដើម្បីពិភាក្សាពីការរួមចំណែករបស់ពួកគេក្នុងសេដ្ឋកិច្ចកម្ពុជា។

គួរបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា បានរៀបចំកិច្ចប្រជុំទ្វេភាគីរវាងធនាគារជាតិនៃកម្ពុជា និងធនាគាររដ្ឋវៀតណាមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកស្រី ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោកស្រី Nguyen Thi Hong ទេសាភិបាល ធនាគាររដ្ឋវៀតណាម នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។ កិច្ចប្រជុំប្រចាំឆ្នាំ២០២៥នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការរវាងធនាគារកណ្តាលទាំងពីរ សំដៅរួមចំណែកអភិវឌ្ឍវិស័យធនាគារនៅក្នុងប្រទេសទាំងពីរ៕


Khcct banner

អត្ថបទទាក់ទង