ភ្នំពេញ៖ ចៅប្រុសបង្កើត៣នាក់របស់វីរយុទ្ធជនពលី ឧត្តមសេនីយ៍ឯក ដួង សំនៀង ទទួលអាហារូបករណ៍១០០% រយៈពេល ១២ឆ្នាំរបស់ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សិក្សានៅសាលា ប៊ែលធី អន្តរជាតិ។ចៅៗចំនួន ៣នាក់ រួមមាន៖ ១-ឈ្មោះ សំនៀង វឌ្ឍនៈ ២-ឈ្មោះ សំនៀង សិរីវឌ្ឍន៍ និង ៣-ឈ្មោះ យី សំនៀងបញ្ញាវ័ន្ត។
ពួកគេនឹងមានឱកាសបានមកបន្តការសិក្សានៅសាលា ប៊ែលធី អន្តរជាតិ មួយចប់កម្មវិធីសិក្សា ទាំងថ្នាក់ចំណេះទូទៅ (ថ្នាក់ទី១ ដល់ ថ្នាក់ទី១២) និង ភាសាអង់គ្លេសទូទៅ (Starter ដល់ Level 12)។ចំពោះអាហារូបករណ៍ពិសេស នេះ រួមមាន៖១-អាហារូបករណ៍១០០% សិក្សាមួយចប់កម្មវិធីទាំងថ្នាក់ចំណេះទូទៅ និង ភាសាអង់គ្លេសទូទៅ ២-ឯកសណ្ឋានថ្នាក់ចំណេះទូទៅ ចំនួន ២កំប្លេ និងអាវយឺត ចំនួន ១ ជារៀងរាល់ឆ្នាំ ៣-អាវយឺតថ្នាក់ភាសាអង់គ្លេស ចំនួន ២ ជារៀងរាល់វគ្គ ៤-សៀវភៅពុម្ភសិក្សាថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសទូទៅ ១ឈុត ជារៀងរាល់វគ្គ/ឆ្នាំ និង ៥-កញ្ចប់កម្មវិធីសិក្សាបន្ថែមថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសទូទៅ ជារៀងរាល់វគ្គ/ឆ្នាំ។
គួរបញ្ជាក់ថា ឧត្តមសេនីយ៍ឯក ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ បានពលីជីវិតនៅលើសមរភូមិប្រយុទ្ធជាមួយថៃ ដែលបានឈ្លានពានទឹកដីកម្ពុជា នៅក្នុងខេត្តព្រះវិហារ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ជន្មាយុ ៦៧ឆ្នាំ។ការពលីរបស់ ឧត្តមសេនីយ៍ឯក គឺជាការបាត់បង់នូវមេទ័ពដែលពោរពេញដោយសមត្ថភាព បទពិសោធន៍ និងប្រកបដោយភាពក្លាហាន ដែលហ៊ានលះបង់គ្រប់បែបយ៉ាង សូម្បីអាយុជីវិត ដើម្បីបុព្វហេតុការពារជាតិមាតុភូមិ និងទឹកដីរបស់យើងឱ្យបានគង់វង្សសម្រាប់កូនខ្មែរជំនាន់ក្រោយគ្រប់ៗជំនាន់តរៀងទៅ។ ជាពិសេស គឺជាការបាត់បង់នូវ ឧត្តមស្វាមី និងលោកឪពុក-លោកតា ប្រកបដោយព្រហ្មវិហារធម៌ ដែលតែងតែចិញ្ចឹមបីបាច់ ថែរក្សា និងទំនុកបម្រុងក្រុមគ្រួសារគ្រប់ពេលវេលាដោយមិនគិតពីការនឿយហត់៕