ភ្នំពេញ៖ កម្ពុជា និងខេត្តយូណាន បានឯកភាពគ្នាក្នុងការជួយជំរុញផ្សព្វផ្សាយទេសចរណ៍កម្ពុជា ទៅកាន់ប្រជាជនខេត្តយូណានឱ្យកាន់តែទូលំទូលាយ ពិសេសជួយទាក់ទាញវិនិយោគិនក្នុងខេត្តយូណានឱ្យមកបណ្តាក់ទុនបង្កើតផលិតផលទេសចរណ៍នៅកម្ពុជា ដែលពោរពេញដោយសក្តានុពល និងទទួលបានការការពារ ការអនុគ្រោះ និងការលើកទឹកចិត្តជាច្រើន។ នេះជាការឯកភាពរបស់ភាគីទាំងពីរក្នុងកិច្ចពិភាក្សាការងាររវាងលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយលោក XU Hao អភិបាលរង នៃខេត្តយូណាន នារសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥។
នាឱកាសនោះ ភាគីទាំងពីរបានជួបពិភាក្សាការងារ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ប្រទេសកម្ពុជា និងខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងបង្ហាញពីគោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់កម្ពុជា ដើម្បីជំរុញលំហូរភ្ញៀវទេសចរក្នុងខេត្តយូណានមកកាន់ប្រទេសកម្ពុជាឱ្យបានកាន់តែច្រើន។
ភាគីទាំងពីរបានឯកភាពក្នុងការជួយជំរុញផ្សព្វផ្សាយទេសចរណ៍កម្ពុជា ទៅកាន់ប្រជាជនខេត្តយូណានឱ្យកាន់តែទូលំទូលាយ ដោយស្របតាមស្មារតីនៃ “ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥”។ ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តយូណានសហការជួយទាក់ទាញវិនិយោគិនក្នុងខេត្តយូណានឱ្យមកបណ្តាក់ទុនបង្កើតផលិតផលទេសចរណ៍នៅកម្ពុជា ដែលពោរពេញដោយសក្តានុពល និងទទួលបានការការពារ ការអនុគ្រោះ និងការលើកទឹកចិត្តជាច្រើនពីប្រមុខថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក៏ដូចជាការសហការរៀបចំ FAM Trip ដោយអញ្ជើញប្រតិភូសារព័ត៌មាន និង Influencers ល្បីៗពីខេត្តយូណាន ឱ្យមកទស្សនានិងជួយជំរុញផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍កម្ពុជាឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀតផងដែរ៕