ទីក្រុងស៊ីដនី៖ គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ បានចូលរួមអមដំណើរ លោក ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងជំនួបពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុន CIMIC Group ក៏ដូចជាពិភាក្សាការងារជាមួយនាយកប្រតិបតិ្តទីភ្នាក់ងារឥណទានសម្រាប់ការនាំចេញរបស់រដ្ឋាភិបាលអូស្ត្រាលី (Export Finance Australia – EFA) នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។
ប្រតិភូក្រុមហ៊ុន CIMIC Group ដែលបានជួបពិភាក្សាការងារនាថ្ងៃនេះ ត្រូវបានដឹកនាំដោយលោក Robert Seidler សមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន CIMIC Group។ ក្នុងឱកាសនៃជំនួបនេះ លោក Robert Seidler បានលើកឡើងអំពីវឌ្ឍនភាពនៃការវិនិយោគរបស់ខ្លួននៅកម្ពុជា និងផែនការពង្រីកការវិនិយោគបន្ថែម ឈរលើមូលដ្ឋាននៃភាពជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល។
ក្រុមហ៊ុនក៏បានសម្តែងនូវការពេញចិត្តចំពោះការធ្វើឱ្យប្រសើរឡើងនូវបរិស្ថានវិនិយោគ ដែលបានបង្កនូវភាពងាយស្រួលក្នុងការបណ្ដាក់ទុន និងការធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅកម្ពុជា។ ជាពិសេសជាងនេះ កម្ពុជាមានកម្លាំងពលកម្មដែលមានឧត្តមភាពប្រកួតប្រជែងខ្ពស់ និងមានភាពស្វាហាប់ ព្រមទាំងងាយស្រួលក្នុងការទទួលយកការបណ្ដុះបណ្ដាលថ្មីៗផងដែរ។
លោក ស៊ុន ចាន់ថុល បានបង្ហាញជូនក្រុមហ៊ុននូវគោលនយោបាយ និងផែនការរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញធ្វើឱ្យការបណ្ដាក់ទុនវិនិយោគ និងការធ្វើអាជីវកម្មនៅកម្ពុជាកាន់តែមានភាពទាក់ទាញ។
ជាមួយគ្នានេះ អ្នកឧកញ៉ា សៀ ឬទ្ធី បានបន្តដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលរួមអមលោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងជំនួបពិភាក្សាការងារជាមួយនាយកប្រតិបតិ្តទីភ្នាក់ងារឥណទានសម្រាប់ការនាំចេញរបស់រដ្ឋាភិបាលអូស្ត្រាលី (Export Finance Australia – EFA) លោក John Hopkins។
នៅក្នុងជំនួបនេះ លោក ស៊ុន ចាន់ថុល និងអ្នកតំណាង EFA បានពិភាក្សាផ្លាស់ប្តូរយោបល់ ចែករំលែកបទពិសោធការងារទៅវិញទៅមក ដោយក្នុងនោះតំណាង EFA បានជម្រាបជូនអំពីតួនាទី និងសេវាកម្មសំខាន់ៗរបស់ខ្លួនដែលរួមមានដូចជា៖ ការផ្តល់សេវាហិរញ្ញប្បទាន, ការបំពេញចន្លោះប្រហោងទីផ្សារ ក្នុងករណីដែលធនាគារពាណិជ្ជ ឬស្ថាប័នហិរញ្ញវត្ថុផ្សេងទៀតមិនអាចផ្តល់ហិរញ្ញប្បទានបានគ្រប់គ្រាន់, ការគាំទ្រគម្រោងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព, និងការផ្តល់ការគាំទ្រដល់វិស័យផ្សេងៗ៕