ភ្នំពេញ៖ កម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ១៣គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ៩៩ លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ ៥,៥ពាន់កន្លែង និងមានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន១១គម្រោង និងវិស័យកសិ-ឧស្សាហកម្មចំនួន២គម្រោង។
បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងវិនិយោគក្នុងវិស័យឧស្សាហកម្មមានចំនួន១១គម្រោង ដូចជា៖ ផ្គុំដំទ្បើងរថយន្ត, ផលិតសម្ភារៈបរិក្ខាសម្រាប់កន្ទុយសណ្តោងរថយន្តនិងគ្រឿងបន្ទាប់បន្សំ, ផលិតសម្ភារៈបំពាក់និងតុបតែងរថយន្ត, ផលិតបរិក្ខារអគ្គិសនីបំភ្លឺ បរិក្ខារអគ្គិសនីលម្អ និងគ្រឿងបន្ទាប់បន្សំអគ្គិសនីគ្រប់ប្រភេទ, ផលិតដើមណូអែល គ្រឿងលម្អ និងគ្រឿងបន្លាស់ដើមណូអែលគ្រប់ប្រភេទ, ផលិតគ្រឿងសង្ហារិមគ្រប់ប្រភេទ, ផលិតក្រដាសកាតុង, , ផលិតអេប៉ុង , ផលិតថង់ប្លាស្ទិក បង់ស្អិត និងក្រដាសម៉ាកឃឺ។ ចំពោះវិស័យកសិ-ឧស្សាហកម្មមានចំនួន២គម្រោង គឺគម្រោងរោងចក្រកែច្នៃជ័រកៅស៊ូ។
គម្រោងវិនិយោគទាំង១៣ដូចបានរៀបរាប់ខាងលើនេះ បានបោះទីតាំងនៅរាជធានីភ្នំពេញ ខេត្តកណ្តាល តាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង និងត្បូងឃ្មុំ។
គួរបញ្ជាក់ថា កម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ១៣គម្រោង ក្រោមអធិបតីភាព លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្តពាក់ព័ន្ធ៕