ស្វាយរៀង៖ សមត្ថកិច្ចខេត្តស្វាយរៀង បានឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាមចំនួន២នាក់ ជួញដូរ រក្សាទុកដឹកជញ្ជូននិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនជិត៧គីឡូ នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
សមត្ថកិច្ចចម្រុះខេត្តស្វាយរៀង នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុកដឹកជញ្ជូននិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចបន្ទប់ជួលស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ជនជាតិវៀតណាម។
ជនសង្ស័យមានឈ្មោះ ឡេ ថាន់យី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិវៀតណាម និងឈ្មោះ ង៉ូ ចុងហួយ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិវៀតណាម។ ជនសង្ស័យទាំងពីរ ស្នាក់នៅបន្ទប់ជួលភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ច បានដកហូតចាប់យកសម្ភារៈវត្ថតាងសរុបសារធាតុញៀនគ្រប់ប្រភេទទម្ងន់ ៦គីឡូ៨៣៥,៧៨ក្រាម ព្រមទាំងឧបករណ៍ សម្ភារមួយចំនួនទៀត។ បច្ចប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានបញ្ជួនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់៕