Yearendyearend1140x150

ទីផ្សារ«ម្រេច»មានតម្រូវការខ្ពស់ជាងឆ្នាំ២០១៩ ខណៈការនាំចេញបានជិត៦០តោន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
លោកងួន ឡាយ ប្រធានសមាគមម្រេចកំពត

ភ្នំពេញ៖ ទីផ្សារនាំចេញផលិតផលម្រេចរបស់កម្ពុជាទៅក្រៅប្រទេសមានតម្រូវការខ្ពស់ជាងឆ្នាំមុនៗ បើទោះបីជាកម្ពុជានាពេលបច្ចុប្បន្នកំពុងជួបវិបត្តិកូវីដ១៩ក្ដី។នេះបើតាមប្រសាសន៍របស់លោកងួន ឡាយ ប្រធានសមាគមម្រេចកំពតថ្លែងប្រាប់ ស៊ីស៊ីថាមស៍។

លោក ងួន ឡាយ បានថ្លែងថា នៅឆ្នាំ២០២០នេះ ការនាំចេញម្រេចរបស់សមាគមម្រេចកំពតទៅក្រៅប្រទេសមានសន្ទុះនៃការនាំចេញទៅក្រៅមានច្រើនជាងឆ្នាំមុនៗបន្តិច ពោលកាលពីមិនទាន់មានបញ្ហាកូវីដការនាំចេញ និងលក់ក្នុងស្រុកក្នុងរង្វង់៧០តោនក្នុងមួយឆ្នាំ តែបើគិតត្រឹមខែតុលា ឆ្នាំ២០២០ ការនាំចេញបាន ៥៩តោនទៅហើយ ដោយរាល់ឆ្នាំកន្លងមកការនាំចេញទៅក្រៅមានមិនដល់៥៩តោនដូចឆ្នាំនេះទេ។

បើតាមលោក ងួន ឡាយ ទីផ្សារធំបំផុតក្នុងការនាំម្រេចចេញទៅក្រៅប្រទេសគឺទីផ្សារប៉ែកខាងអឺរ៉ុប បូកបន្ថែមទំាងអាឡឺម៉ង់ ទៅខាងសហរដ្ឋអាមេរិក ហើយទីផ្សារផ្សេងទៀតមានប្រទេសជប៉ុន កូរ៉េខាងត្បូង(នាំចេញមធ្យម) ចំណែកហុងកុង តៃវ៉ាន់ នាំចេញជាលក្ខណៈទ្រង់ទ្រាយតូចៗទេ។

ចំពោះតម្លៃនៃការនាំចេញម្រេចវិញ គឺតម្លៃថេរយៈពេលប្រាំឆ្នាំមកហើយ ដោយម្រេចខ្មៅ ១៥ដុល្លារក្នុងមួយគីឡូ ម្រេចក្រហម២៥ដុល្លារក្នុងមួយគីឡូ និងម្រេចស២៨ដុល្លារក្នុងមួយគីឡូ ហើយចំពោះម្រេចខ្ចីការលក់ចេញពីកសិដ្ឋានក៏បានថ្លៃជាងឆ្នាំមុនៗផងដែរ ដោយឆ្នាំមុនៗលក់បានតែ២ទៅ៣ដុល្លារក្នុងមួយគីឡូ តែឆ្នាំនេះវិញអាចលក់បានតម្លៃ៤ដុល្លារឯណោះក្នុងមួយគីឡូ ចំណែកម្រេចខ្ចីដែលប្រលេះហើយអាចលក់បានដល់ទៅ៨ដុល្លារក្នុងមួយគីឡូ ពោលគឺម្រេចខ្ចីលក់បានថ្លៃជាងមុន។

លោក ងួន ឡាយ បានបញ្ជាក់ឱ្យដឹងថា សម្រាប់ទីផ្សារក្នុងស្រុកក្នុងឆ្នាំដែលកម្ពុជារងវិបត្តិកូវីដនេះ ឃើញថាម្រេចមិនត្រូវប៉ាន់នោះទេ ពោលតម្រូវការធ្លាក់ចុះខ្លាំងមិនមានទីផ្សារតែម្ដង។ លោកបន្តថា រាល់ឆ្នាំគ្រាន់មានទីផ្សារក្នុងស្រុកប្រមាណ៣០% ដែលត្រូវការ តែឆ្នាំនេះធ្លាក់ចុះ។សម្រាប់ទីផ្សារទេសចរណ៍ក្នុងការលក់ម្រេច មានដូចជានៅភ្នំពេញ សៀមរាប កំពត កែប ក្រុងព្រះសីហនុ និងនៅតាមកសិដ្ឋាន ផ្សារទំនើប និងសណ្ឋាគារមួយចំនួន ដោយសារតែបញ្ហាកូវីដមិនមានភ្ញៀវទេសចរ ទើបធ្វើឱ្យតម្រូវការក្នុងស្រុកស្មើនឹងសូន្យតែម្ដង។

តែយ៉ាងណាក៏ដោយ មិនទោះបីតម្រូវការម្រេចកើនឡើង ខ្សែចង្វាក់ផលិតកម្មមានការបោះបង់ច្រើន មានសមាជិក៦៨គ្រួសារហើយដែលបានបោះបង់ឈប់ធ្វើជាសមាជិកសមាគមន៍ម្រេចកំពត ដោយសារតែម្រេចងាប់អស់ហើយកសិដ្ឋានខូចខាត ហើយមូលហេតុដែលបោះបង់ និងខូចខាតនេះ មិនមែនដោយសារតែបញ្ហាទីផ្សារទេ គឺដោយសារតែបច្ចេកទេសផលិតកម្មមិនមានជំនាញ ដែលកត្តានេះហើយធ្វើឱ្យម្ចាស់កសិដ្ឋានជួបឧបស្គគច្រើន ព្រោះដំណាំម្រេចខុសពីដំណាំស្រូវ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ និងប្រើប្រាស់បច្ចេកទេសត្រឹមត្រូវច្បាស់លាស់។

យ៉ាងណាមិញ លោកងួន ឡាយ នៅតែមានក្តីរំពឹងនិងសង្ឃឹមថា ឆ្នាំ២០២១ខាងមុខនេះទីផ្សារម្រេចនឹងល្អប្រសើរ ដោយសារតែក្រុមហ៊ុនមួយដែលកំពុងសហការណ៍នាពេលនេះ បានជួយសម្រួលដល់សមាគមន៍ច្រើន ពិសេសគឺជួយទិញម្រេចពីកសិករតូចៗជាលក្ខណៈគ្រួសារប្រមាណ២៩០គ្រួសារ ដើម្បីនាំចេញទៅក្រៅប្រទេសតែម្ដង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង