681 ezgif.com resize
Swift cc time

ក្រសួងការងារនិងក្រសួងមហាផ្ទៃ ប្រកាសបន្តពង្រឹងយន្តការគាំទ្រដល់ពលករខ្មែរដែលត្រឡប់មកកម្ពុជាវិញ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ)

ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្តាវិជ្ជាជីវៈ និងក្រសួងមហាផ្ទៃ បានជួបប្រជុំជាមួយគ្នាដើម្បីប្រកាសបន្តពង្រឹងយន្តការគាំទ្រដល់ពលករខ្មែរដែលត្រឡប់មកកម្ពុជាវិញ តាមរយៈការពង្រឹងយន្តការ និងនីតិវិធីក្នុងការស្វែងរកឱកាសការងារជូនដល់ពលករកម្ពុជារាប់ម៉ឺននាក់។ កិច្ចប្រជុំនេះត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយលោក ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ។

លោក ហេង សួរ បានធ្វើបទបង្ហាញជូនដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅខេត្តព្រៃវែង និងខេត្តបាត់ដំបង ដោយរំលេចអំពី ការទទួលស្វាគមន៍ពលករខ្មែរតាមច្រកព្រំដែនកម្ពុជា ថៃ ស្ថានភាពនៃការវិលត្រឡប់មកវិញរបស់ប្រជាពលរដ្ឋ និងពលករខ្មែរ ការគាំពាររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងការប្រៀបធៀបអត្ថប្រយោជន៍នៃការធ្វើការងារនៅប្រទេសថៃ និងប្រទេសកម្ពុជា។

ជាមួយគ្នានោះ រដ្ឋមន្ត្រីក្រសួងការងារក៏បានផ្សព្វផ្សាយពីប្រព័ន្ធ Hotline 1297 និងជំរុញឱ្យមានការណែនាំដល់បងប្អូនពលករចុះឈ្មោះស្វែងរកការងារធ្វើ ដើម្បីភាពងាយស្រួល និងចំណេញពេលជាងធ្វើដំណើរស្វែងរកការងារពីមួយកន្លែងទៅមួយកន្លែង។ ទន្ទឹមនោះ លោកក៏ជំរុញឱ្យមានការរំលេចពីតម្លៃសង្គម និងមនោសញ្ចេតនាល្អក្នុងការធ្វើការងារក្នុងស្រុក និងប្រឈមការរើសអើងពេលទៅធ្វើការនៅប្រទេសថៃ ព្រមទាំងបង្ហាញតម្រូវការកម្លាំងពលកម្មដែលជាកត្តាសំខាន់ក្នុងការជួយលើកកម្ពស់ការវិនិយោគ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

លោក ម៉ៅ ច័ន្ទតារា ក្នុងនាមក្រសួងមហាផ្ទៃ បានថ្លែងនូវការកោតសសើរនិងវាយតម្លៃខ្ពស់ចំពោះចំណាត់ការនិងវិធានការដ៏មានប្រសិទ្ធភាពរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ: ដែលបានចូលរួមដោះស្រាយបានទាន់ពេលវេលានូវ ការផ្សព្វផ្សាយឱកាសការងារជូនដល់ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃយ៉ាងគំហុក ហើយបានផ្តល់នូវកិច្ចសហការយ៉ាងល្អជាមួយក្រសួងមហាផ្ទៃ រដ្ឋបាលរាជធានី ខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់។

ក្រសួងមហាផ្ទៃ នឹងបន្តពង្រឹងយន្តការ និងនីតិវិធីក្នុងការស្វែងរកឱកាសការងារជូនដល់ពលករកម្ពុជារាប់ម៉ឺននាក់ និងជាមូលដ្ឋានមួយដែលថ្នាក់ដឹកនាំក្រសួងមហាផ្ទៃអាចយកទៅពិគ្រោះយោបល់ជាមួយថ្នាក់ក្រោមជាតិក្នុងការចាត់ចែងណែនាំដល់ ពលករខ្មែរឱ្យមានលទ្ធភាពក្នុងការស្វែងរកមុខរបរនៅក្នុងប្រទេសល្អជាងការវិលត្រឡប់ទៅប្រទេសថៃវិញ៕




Khcct banner

អត្ថបទទាក់ទង