681 ezgif.com resize
Swift cc time

សភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅកម្ពុជា បេ្តជ្ញាជួយផ្សព្វផ្សាយទាក់ទាញភ្ញៀវទេសចរអាម៉េរិកមកកម្ពុជាកាន់តែច្រើន

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
រូបភាព៖ ក្រសួងទេសចរណ៍

ភ្នំពេញ៖ សភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅកម្ពុជា នៅថ្ងៃទី២២ ខែសីហា បេ្តជ្ញាចូលរួមជាមួយក្រសួងទេសចរណ៍ជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា និងទាក់ទាញភ្ញៀវទេសចរអាម៉េរិកមកទស្សនាកម្ពុជាឱ្យកាន់តែច្រើន។

ក្នុងជំនួបរវាងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំកម្ពុជា បានជួបពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ សំណូមពរនានា និងគំនិតផ្តួចផ្តើមនានាពីសមាជិកសមាគម ដើម្បីអភិវឌ្ឍទេសចរណ៍ បរិយាកាសធុរកិច្ច និងការវិនិយោគប្រកបដោយប្រសិទ្ធភាព នាទីស្តីការក្រសួង។

លោក ហួត ហាក់ បានប្រាប់សមាគមពីវិធានការណ៍គន្លឹះបន្ទាន់ និងរយៈមធ្យមដែលបានរៀបចំសម្រាប់ឆ្លើយតបនឹងស្ថានការណ៍នាពេលបច្ចុប្បន្ននេះ ហើយក្រសួងទេសចរណ៍ ចាត់ទុកសភាពាណិជ្ជកម្មអាម៉េរិកជាដៃគូសហការដ៏ល្អ និងមិនអាចខ្វះបាន ក្នុងការចូលរួមចំណែកអភិវឌ្ឍ និងការវិនិយោគវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែរីកចំរើន និងកើនឡើងបន្ថែមទៀត។

ជាការឆ្លើយតប លោក Casey Barnett បានបញ្ជាក់ថា សម្រាប់សមាគម និងរូបលោកផ្ទាល់ដែលបានរស់នៅ និងប្រកបអាជីវកម្មនៅកម្ពុជាជាច្រើនឆ្នាំ ប្រទេសកម្ពុជា និងប្រជាជនកម្ពុជា ជាអ្នកស្រលាញ់ និងឱ្យតម្លៃលើសុខសន្តិភាព ដូចដែលបានលឺកន្លងមកនូវពាក្យស្លោក «អរគុណសន្តិភាព» គ្រប់ទីកន្លែង ហើយកម្ពុជាបានអភិវឌ្ឍគ្រប់វិស័យ តាមរយៈកត្តាសុខសន្តិភាព។ លោកប្រធានសភាពាណិជ្ជកម្ម បានបេ្តជ្ញាជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគកម្ពុជាដល់ប្រជាជន និងវិនិយោគិនអាម៉េរិកឱ្យមកទស្សនា និងបណ្តាក់ទុននៅកម្ពុជាឱ្យកាន់តែច្រើនឡើង៕


Khcct banner

អត្ថបទទាក់ទង