681 ezgif.com resize
Swift cc time

រាជរដ្ឋាភិបាលបន្តវេនខិតខំបោះជំហានដោយភាពស្វាហាប់ ក្រោមឥទ្ធិពលព្យុះភ្លៀងនយោបាយពីខាងក្រៅ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងនៅក្នុងសម័យប្រជុំរដ្ឋសភា ថ្ងៃទី ២២ សីហា ឆ្នាំ២០២៣។រូបភាព PM 

ភ្នំពេញ៖ ២២ សីហា ២០២៣-២២ សីហា ២០២៥ គឺជាខួប ២ ឆ្នាំនៃកំណើតរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដោយសម្តេច ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា។ទោះមានអាយុក្មេងខ្ចីក្តី តែរាជរដ្ឋាភិបាលបន្តវេននេះ ហាក់ដូចជាស្រេកឃ្លាន ក្នុងការបង្កើតនូវស្នារដៃរបស់ខ្លួនបន្តពីមនុស្សជំនាន់ចាស់ដោយអនុវត្តនូវគោលនយោបាយអាទិភាព ៦ចំណុច ផ្តោតលើការដោះស្រាយដោយផ្ទាល់ជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន អមជាមួយការអនុវត្តគោលនយោបាយការបរទេសទាក់ទាញអ្នកវិនិយោគ រក្សានូវកំណើនសេដ្ឋកិច្ច និងការកែទម្រង់ផ្ទៃក្នុងតាមរយៈបោះសម្អាតផ្ទះឱ្យបានល្អ។តែយ៉ាងណាក្តី រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភានេះ ក៏ប្រឈមក្រោមឥទ្ធិពលព្យុះភ្លៀងនយោបាយពីខាងក្រៅ។

កាលពី២ឆ្នាំមុន រាជរដ្ឋាភិបាលនីតិកាលទី៧ ត្រូវបានរដ្ឋសភាកម្ពុជា បានបោះឆ្នោតជាឯកច្ឆ័ន្ទផ្តល់សេចក្តីទុកចិត្តដល់រាជរដ្ឋាភិបាលបន្តវេន ដឹកនាំដោយសម្តេ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។គោលនយោបាយអាទិភាព ៦ចំណុច ត្រូវបានប្រកាសដាក់ឱ្យអនុវត្តភ្លាមៗ ចាប់ពីឆ្នាំ ២០២៣ តទៅ។

គោលនយោបាយអាទិភាព ៦ចំណុចមានជាអាទិ៍៖ការពង្រីកសេវាថែទាំសុខភាពជូនដល់ប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋក្រីក្រនិង ងាយរងគ្រោះ,យុវជនជាកូនអ្នកក្រីក្រ និងងាយរងគ្រោះ នឹងទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈជាមួយការឧបត្ថម្ភ,កម្មវិធីជាតិជំនួយសង្គម ជួយពលរដ្ឋក្រីក្រ និង ងាយរងគ្រោះ,ជួយដល់អ្នកប្រកបរបរក្រៅប្រព័ន្ធ,កម្មវិធីហិរញ្ញប្បទាន (ការផ្ដល់ប្រាក់កម្ចី ដើម្បីប្រកបមុខរបរកសិកម្ម) ជាពិសេស គឺទទួលបាននូវការការពារតម្លៃកសិផលឱ្យបានសមរម្យ ដោយមិនឱ្យកសិករខាតបង់ឡើយ និង បញ្ជូនមន្ត្រីបច្ចេកទេសកសិកម្មទៅជួយកសិករនៅគ្រប់ឃុំ-សង្កាត់ និងបង្កើតសហគមន៍កសិករនៅទូទាំងប្រទេស ដើម្បីការពារផលប្រយោជន៍របស់កសិករ។

ជាទិដ្ឋភាពរួមគោលនយោបាយអាទិភាព ៦ចំណុច ត្រូវបានមន្ត្រីតាមក្រសួងស្ថាប័នពាក់ព័ន្ធព្យាយាមខិតខំប្រឹងប្រែងអនុវត្តដោយភាពទទួលខុសត្រូវ ក្រោមការឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល អមជាមួយការគាំទ្រជាជំនួយ និងអនុសាសន៍ជាបន្តបន្ទាប់ ដើម្បីសម្រេចបានសមិទ្ធផលជូនដល់ប្រជាពលរដ្ឋ។

រយៈពេល២ឆ្នាំមកនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ បានដាក់ចេញនូវគោលនយោបាយទាក់ទាញអ្នកវិនិយោគចូលមករកស៊ីក្នុងប្រទេសកម្ពុជា ឬហៅថា ការទូតសេដ្ឋកិច្ចទាក់ម៉ូយ។ក្នុងរយៈពេល ៧ខែ នៃឆ្នាំ២០២៥ កម្ពុជាទទួលបានគម្រោងវិនិយោគរហូតដល់ទៅ ៤៤០ គម្រោងត្រូវបានអនុម័ត ក្នុងទំហំទុនវិនិយោគប្រមាណ ៦,៧ ពាន់លានដុល្លារអាម៉េរិក និង បង្កើតការងារបានប្រមាណ ៣១២ ពាន់កន្លែង។នេះបើយោងតាមរបាយការណ៍ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។

ចំណែកចំនួនសហគ្រាស គ្រឹះស្ថានបានចុះបញ្ជីនៅក្រសួងការងារ បានកើនឡើងពីចំនួន ៤០ ៣០០ គិតត្រឹមខែសីហា ឆ្នាំ២០២៣ ដល់ចំនួន ៤៥ ៦៥៦ សហគ្រាសគិតត្រឹម មិថុនា ឆ្នាំ២០២៥ ឬកើនឡើង៥ ៣៥៦ (ស្មើនឹង ១៣.២៩%) សហគ្រាស។ក្នុងនោះវិស័យកាត់ដេរ ៖ កើនពី ១ ៤៦៦ ដល់ចំនួន ១ ៦៨២ សហគ្រាស (កើនឡើង ២១៦សហគ្រាស ស្មើនឹង ១៤.៧៣%) និង វិស័យក្រៅពីការដេរ៖ កើនឡើង ៣៨ ៨៣៤ ដល់ចំនួន ៤៣ ៩៧៤សហគ្រាស (កើនឡើង ៥ ១៤០ សហគ្រាស ស្មើនឹង ១៣.២៤%)។វិស័យនេះ ត្រូវបានអ្នកជំនាញសេដ្ឋកិច្ចរំពឹងថា នឹងបន្តរីកចម្រើនបន្ថែមទៀត ក្រោយពីកម្ពុជាទទួលបានការបន្ថយពន្ធពីអាម៉េរិកនៅត្រឹម ១៩%។

រីឯវិស័យទេសចរណ៍ ក៏បន្តទទួលបានកំណើន ដោយរយៈពេល ៧ខែដើមឆ្នាំ ២០២៥នេះ គឺមានចំនួនសរុបប្រមាណ ៦៨៧ ៥០៩ នាក់ មានកំណើន ៤៨,២ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ ហើយចំនួននេះបន្តកើនឡើងបន្ថែមទៀត នៅពេលគម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ 4F បើកប្រតិបត្តិការនៅថ្ងៃទី ៩ កញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ ខណៈ៧ខែនៃឆ្នាំ២០២៥ វិស័យដឹកជញ្ជូនតាមផ្លូវអាកាស កម្ពុជាទទួលបានជើងហោះហើរ ចេញ-ចូល (ទ្វេទិស) សរុបចំនួនជិត ៤ ម៉ឺនជើង (៣៧,៤៩២ ជើង) មានការកើនឡើងជិត ១៦% បើធៀបទៅនឹងរយៈពេល ០៧ ខែ ដូចគ្នាទៅនឹងឆ្នាំ២០២៤ និងនៅមានគម្រោងអភិវឌ្ឍជាច្រើនទៀតនឹងត្រៀមចេញជាបន្តបន្ទាប់។

ជាមួយការបោះជំហានដោយស្វាហាប់នេះ រាជរដ្ឋាភិបាលនីតិកាលទី៧ បានពើបប្រទះនូវឥទ្ធិពលនយោបាយពីខាងក្រៅប្រទេសខ្លាំងជាងនយោបាយក្នុងស្រុក។រឿងធំៗដែលបានផ្ទុះឡើង ក្នុងរយៈពេល២ឆ្នាំនេះ គឺទី១ ជម្លោះតំបន់ត្រីកោណអភិវឌ្ឍន៍ CVL-DTA វាបានក្លាយជាជម្លោះផ្ទៃក្នុងរវាងក្រុមប្រឆាំងនៅឯនាយសមុទ្រ វាយប្រហារមកលើរាជរដ្ឋាភិបាលបន្តវេន ហើយក្លាយជាលំហាត់ថ្មីនៃរដ្ឋាភិបាលទើបបង្កើតឡើងបានជាង១ឆ្នាំ។ជម្លោះនេះ កើតឡើងក្រោយពីគម្រោង«ព្រែកជីកហ្វូណនតេជោ»បើកការដ្ឋានសាងសង់ នៅថ្ងៃទី ៥ សីហា ឆ្នាំ២០២៤ ដោយតភ្ជាប់ប្រព័ន្ធដៃទន្លេមេគង្គ និងផ្លូវសមុទ្រ ប្រវែងសរុបប្រមាណ ១៨០ គីឡូម៉ែត្រ។ជាគម្រោងប្រឆាំងដោយប្រទេសវៀតណាម។

លំហាត់ធំចុងក្រោយ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ គឺជម្លោះព្រំដែនកម្ពុជា-ថៃ ចាប់ផ្តើមបានរើបឡើងវិញ។ភាពតានតឹងអូសបណ្តាយជាច្រើនខែដោយមានបិទព្រំដែនដោយឯកតោភាគីពីយោធាថៃរហូតនៅ​ថ្ងៃ​ទី​ ២៨ ខែ​ឧសភា ទាហាន​កម្ពុជា និង​ថៃ បានផ្ទុះអាវុធ ១០ ​នាទី​ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែល​បណ្ដាល​ឱ្យទាហាន​ខ្មែរ​ម្នាក់បាន​ស្លាប់នោះ គឺ​លោកព្រិន្ទបាលឯក សួន រោន។ក្រោយមកទៀតសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រេចដាក់ពាក្យបណ្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ នៅទីក្រុងឡាអេ ប្រទេសហូឡង់ ដើម្បី​ឱ្យជួយកាត់ក្តីវិវាទព្រំដែនគោកចំនួន ៤តំបន់ជាមួយប្រទេសថៃ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥។

ទោះបីមានកិច្ចប្រជុំក្តីជម្លោះនេះមិនធូរស្រាលនោះទេ នៅទីបំផុតនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥កងទ័ពកម្ពុជា-ថៃ បានបើកការវាយប្រហារគ្នាយ៉ាងខ្លាំងក្លា នៅតាមខ្សែបន្ទាត់ព្រំដែនចាប់តាំងពីភូមិសាស្ត្រខេត្តឧត្តរមានជ័យ តំបន់មុំបី រហូតដល់ខេត្តព្រះវិហារ។ការផ្ទុះអាវុធដាក់គ្នាទ្រង់ទ្រាយធំរវាងកងទ័ពកម្ពុជា-ថៃនាពេលនេះ គឺកើតមានក្រោយភាគីថៃបានព្យាយាមបិទ មិនឲ្យភាគីកម្ពុជាឡើងទៅប្រាសាទតាមាន់ធំ និង បន្ទាប់ពីប្រទេសទាំងពីរសម្រេចទម្លាក់កម្រិតការទូតនឹងគ្នាឲ្យនៅទាប។ថ្ងៃទី២៨ កក្កដា ឆ្នាំ២០២៥ មេដឹកនាំកម្ពុជា និងថៃ ឯកភាពលើបទឈប់បាញ់តែជម្លោះពាក្យសម្តីនៅតែបន្ត។

សម្រាប់អ្នកជំនាញ ជម្លោះព្រំដែនកម្ពុជាថៃនេះ គឺកើតឡើងដោយជម្លោះផ្ទៃក្នុងរបស់ប្រទេសថៃខ្លួនឯង ដោយក្រុមយោធាថៃ គាំទ្រដោយព្រះមហាក្សត្រថៃតតាំងជាមួយរដ្ឋាភិបាលស៊ិវិលថៃដឹកនាំដោយត្រកូលថាក់ស៊ីន ដែលមានកូនស្រីពៅ គឺលោកស្រីផែនថងផាន ជានាយករដ្ឋមន្ត្រី ហើយយកបញ្ហាព្រំដែនកម្ពុជា-ថៃ បង្កើតជាជាតិនិយមផ្ទៃក្នុង៕

Khcct banner

អត្ថបទទាក់ទង