ថៃ៖ នាយកដ្ឋានពាណិជ្ជកម្មរបស់ប្រទេសថៃនៅរសៀលថ្ងៃទី ២២ ខែសីហានេះបានអំពាវនាវ និងស្នើ ឱ្យមីយ៉ាន់ម៉ាបើកព្រំដែនវិញក្រោយឡានទំនិញថៃជាង៤០០គ្រឿងជាប់គាំងអស់ជាង២សប្តាហ៍ក្រោយប្រទេសមីយ៉ាន់ម៉ាបានបិទច្រកព្រំដែនជាឯកតោភាគីដោយមិនជូនដំណឹងទៅកាន់ភាគីថៃជាមុន។
យោងតាមកាសែតរបស់ថៃនាយកដ្ឋានពាណិជ្ជកម្មរបស់ប្រទេសថៃ គ្រោងពិភាក្សាជាមួយឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ា ដើម្បីសម្រួលការបើច្រកព្រំដែន Mae Sot-Myawaddy ឡើងវិញ ដោយការបិទកាលពីកន្លងទៅដោយឯកតោភាគីនេះបានបណ្តាលឱ្យរថយន្តដឹកទំនិញជាង ៤០០ គ្រឿងត្រូវបានជាប់ស្ទះកកគុញពាញពេញព្រំដែនមិនអាចនាំចូលទំនិញចូលមីយ៉ាន់ម៉ាបាន។
ជាការឆ្លើយតបមីយ៉ាន់ម៉ាបានបញ្ជាក់ថា ចាប់តាំងពីដើមខែសីហាមក ខ្លួនបានរឹតបន្តឹងការត្រួតពិនិត្យលើការនាំចូល និងទំនិញខុសច្បាប់ដែលចូលមកដោយគ្មានអាជ្ញាប័ណ្ណ នេះដោយសារតែការបាត់បង់ប្រាក់ចំណូល និងការកើនឡើងនៃឱនភាពពាណិជ្ជកម្ម ដែលជំរុញឱ្យអាជ្ញាធរអនុវត្តវិធានការតឹងរ៉ឹង។
យោងតាមការិយាល័យពាណិជ្ជកម្មអន្តរជាតិនៅទីក្រុងយ៉ាំងហ្គោន ពាណិជ្ជកម្មតាមព្រំដែនថៃ-មីយ៉ាន់ម៉ាបានរងសម្ពាធពីការត្រួតពិនិត្យអាជ្ញាប័ណ្ណនាំចូលដ៏តឹងរ៉ឹងរបស់មីយ៉ាន់ម៉ា។ វិធានការទាំងនេះត្រូវបានបង្កើននៅពាក់កណ្តាលឆ្នាំ ២០២៥ ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់គយនៅព្រំដែនថៃម៉ែសត ដែលមានចំនួនជិត ៤០% នៃទំហំពាណិជ្ជកម្មតាមព្រំដែនថៃ-មីយ៉ាន់ម៉ា។
ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរក្នុងឆមាសទីមួយនៃឆ្នាំនេះ (ខែមករា ដល់ខែមិថុនា) តម្លៃពាណិជ្ជកម្មតាមព្រំដែនថៃ-មីយ៉ាន់ម៉ា មានចំនួន ១០៥.១៤៩ ពាន់លានបាត ធ្លាក់ចុះ ២៤.៩១% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤។ ការនាំចេញរបស់ថៃមានចំនួន ៦៣.៥៧២ ពាន់លានបាត ធ្លាក់ចុះ ១៤.១៥ ពាន់លានបាត៕