ភ្នំពេញ៖ រយៈពេល៧ខែនៃឆ្នាំ២០២៥នេះ ពោលគិតចាប់ពី ខែមករា ដល់ ខែកក្កដា ឆ្នាំ២០២៥ស្ថានភាពវិស័យដឹកជញ្ជូនតាមផ្លូវអាកាស សម្រាប់អាកាសយានដ្ឋានអន្តរជាតិទាំង៣ (ភ្នំពេញ-សៀមរាបអង្គរ-ព្រះសីហនុ) មានជើងហោះហើរ ចេញ-ចូល (ទ្វេទិស) សរុបចំនួនជិត ៤ ម៉ឺនជើង (៣៧,៤៩២ ជើង) មានការកើនឡើងជិត ១៦% បើធៀបទៅនឹងរយៈពេល ០៧ ខែ ដូចគ្នាទៅនឹងឆ្នាំ២០២៤។ នេះបើតាមរបាយការណ៍។
បើតាមរបាយការណ៍ រយៈពេល៧ខែ ឆ្នាំ២០២៥ អ្នកដំណើរ ចេញ-ចូល (ទ្វេទិស) មានចំនួនជាង ៤ លាននាក់ (៤,០៨២,២៦០ នាក់) មានការកើនឡើងជិត ១៦% បើធៀបទៅនឹងរយៈពេល ០៧ ខែ ដូចគ្នាទៅនឹងឆ្នាំ២០២៤ ហើយទំនិញតាមផ្លូវអាកាស ចេញ-ចូល (ទ្វេទិស) មានចំនួនជិត ៥ ម៉ឺនតោន (៤៧,២១៨ តោន) មានការកើនឡើងជិត ២៨% បើធៀបទៅនឹងរយៈពេល ០៧ ខែ ដូចគ្នាទៅនឹងឆ្នាំ២០២៤ ។
របាយការណ៍បញ្ជាក់ថា ដោយឡែកក្នុងខែកក្កដា ឆ្នាំ២០២៥ អាកាសយានដ្ឋានអន្តរជាតិទាំង៣ របស់កម្ពុជាទទួលបានជើងហោះហើរ ចេញ-ចូល (ទ្វេទិស) ចំនួនជាង ៥ ពាន់ជើង (៥,១១១ ជើង) មានការកើនឡើងជាង ៨% បើធៀបទៅនឹងខែមិថុនា ឆ្នាំ២០២៥។
ជាមួយគ្នានេះ អ្នកដំណើរ ចេញ-ចូល (ទ្វេទិស) ក្នុងខែកក្កដា ឆ្នាំ២០២៥ មានចំនួនជាង ៥ សែននាក់ (៥៥៣,៥២៣ នាក់) មានការកើនឡើងជិត ១៤% បើធៀបទៅនឹងខែមិថុនា ឆ្នាំ២០២៥។ ទំនិញតាមផ្លូវអាកាស (ទ្វេទិស) មានចំនួនជាង ១ ម៉ឺនតោន (១០,២៦៧ តោន) មានការកើនឡើងជិត ៣០% បើធៀបទៅនឹងខែមិថុនា ឆ្នាំ២០២៥៕