ភ្នំពេញ៖ លោក សឺហ្សឺគី ហ៊ីដេអូ (SUZUKI Hideo) ឯកអគ្គរាជទូតនៃកិច្ចសហប្រតិបត្តិការមេគង្គដែលជាមន្ត្រីជាន់ខ្ពស់ជប៉ុន នឹងបំពេញទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ីដែលជាប្រធានអាស៊ានសម្រាប់ឆ្នាំ ២០២៥ កម្ពុជា និងថៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែសីហា ដោយគ្រោងប្រជុំជាមួយមន្ត្រីពាក់ព័ន្ធ ដើម្បីពិភាក្សាផ្លាស់ប្តូរទស្សនៈឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសកម្ពុជា និងថៃ។នេះបើយោងតាមសេចក្តីប្រកាសរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា។
ប្រភពដដែលបានរាយការណ៍ថា រដ្ឋាភិបាលជប៉ុនជឿជាក់ថាទំនាក់ទំនងល្អរវាងប្រទេសកម្ពុជា និងថៃ មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ស្ថិរភាព និង ការអភិវឌ្ឍក្នុងតំបន់ ហើយបាននិងកំពុងធ្វើការ ដើម្បីឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹង ព្រមទាំងអំពាវនាវឱ្យមានការអនុវត្តដោយប្រាកដប្រជានូវកិច្ចព្រមព្រៀងបទឈប់បាញ់។